​អភិបាលរង​ខេត្ត​ប៉ៃលិន​ម្នាក់​សា្ល​ប់ និង​អភិបាលរង​ខេត្តបន្ទាយមានជ័យ របួសធ្ងន់​ក្នុង​គ្រោះថ្នាក់​រថយន្តបុក​គ្នា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 December, 2018 ក+ ក-

​កំពង់ឆ្នាំង ៖ មនុស្សម្នា​ក់បាន​ស្លាប់​នៅ​ហ្នឹង​កន្លែងកើតហេតុ និង​២​នាក់​ទៀត​បាន​រងរបួស​ធ្ងន់ ក្នុងនោះ​ជនរងគ្រោះ ត្រូវបាន​គេ​ស្គាល់​ថា ជា​អភិបាលរង​ខេត្តបន្ទាយមានជ័យ និង​អភិបាលរង​ខេត្ត​ប៉ៃលិន​។

​ករណី​គ្រោះថ្នាក់​ខាងលើ​បាន​លើ​បាន​កើតឡើង កាលពី​រសៀល​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ចំណុច​គីឡូ​ម៉ែត 104-105 ស្ថិតនៅ​ក្នុងភូមិ​ថ្មកែវ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។​

​យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច​ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ទី​១-​ប៉ុក ណា​ឌី អាយុ​៤៩​ឆ្នាំ ភេទ​ស្រី ជា​អភិបាលរង​ខេត្តបន្ទាយមានជ័យ​(​របួសធ្ងន់​), ទី​២-​សោម មុន្នី​រ័ត្ន អាយុ​៥៦​ឆ្នាំ ភេទ​ស្រី អភិបាលរង​ខេត្ត​ប៉ៃលិន (​ស្លាប់​នៅ​កន្លែងកើតហេតុ​) និង​ទី​៣-​ឈ្មោះ គីន ណាំ​ចូក ភេទ​ប្រុស អាយុ​២៥​ឆ្នាំ បាន​រងរបួស​ធ្ងន់ ជា​កូនប្រុស​អភិបាលរង​ប៉ៃលិន និង​ជា​អ្នកបើកបរ​រថយន្ត​ម៉ាក​លុច​ស៊ី​ស ជី​អេស​៣០០ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2T-8971 មាន​ទិសដៅ​ពី​ខេត្តបន្ទាយមានជ័យ មក​ភ្នំពេញ​។​

​យោងតាម​របាយការណ៍​បន្តថា មុនពេល​កើតហេតុ​រថយន្ត​ខាងលើ បាន​បើកបរ​ទិសដៅ​ពី​ខេត្ត មក​រាជធានី​ភ្នំពេញ លុះ​ពេលមកដល់​កន្លែងកើតហេតុ រថយន្ត​ខាងលើ​បាន​រេ​ចង្កូត​ទៅបុក​រថយន្ត​មួយគ្រឿង​ម៉ាក សាំ​យុង និង​បន្ត​ទៅបុក​រថយន្ត​ហ៊ីយ៉ាន់ដាយ​មួយគ្រឿង​ទៀត​។​

​បច្ចុប្បន្ន​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ខេត្ត ចំណែក​សាកសព​យកមក​ដំកល់​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​។ មធ្យោបាយ​ពាក់ព័ន្ធ​សមត្ថកិច្ច​ជំនាញ​វាស់វែង យកមក​រក្សាទុក​នៅ​អធិការ​ស្រុក ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕