នាយករដ្ឋមន្ត្រី​កម្ពុជា ផ្ញើ​សារលិខិត​សាទរ វេទិកា​និពន្ធ​នាយក​សារព័ត៌មាន​កម្ពុ​ជា ឆ្នាំ​២០១៨
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 December, 2018 ក+ ក-

​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ផ្ញើ​សារលិខិត​ចូលរួម​អបអរសាទរ​វេទិកា​និពន្ធ​នាយក​សារព័ត៌មាន​កម្ពុ​ជា​ឆ្នាំ​២០១៨ ដែល​ប្រារព្ធ​ឡើង​នា​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៨​នេះ ក្រោម​ប្រធានបទ «​ការប្រយុទ្ធ​ប្រឆាំងនឹង​ព័ត៌មាន​ក្លែងក្លាយ​»​។​

​ក្នុង​សារលិខិត​សម្តេច​បាន​លើកឡើងថា វេទិកា​និពន្ធ​នាយក​ឆ្នាំ​២០១៨ បាន​លើកយក​ប្រធាន​ស្តីពី «​ប្រយុទ្ធ​ប្រឆាំងនឹង​ព័ត៌មាន​ក្លែងក្លាយ​» គឺ​ពិត​ជាមាន​សារៈសំខាន់​ណាស់​ដែល​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សកលលោក​ទាំងមូល​កំពុង​ប្រឈម និង​ផ្តោត​ការយកចិត្តទុកដាក់​យ៉ាងខ្លាំង​ទៅនឹង​ការប្រើប្រាស​ព័ត៌មាន​ក្លែងក្លាយ​នៅតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា ជាពិសេស​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ដែល​ប្រើប្រាស់​បច្ចេកវិជ្ជា​ទំនើប និង​កំពុង​ពេញនិយម​នាពេល​បច្ចុប្បន្ន​បានធ្វើ​ឲ្យ​ពិភពលោក​មាន​ភាពចលាចល ច្របូកច្របល់ និង​កំពុង​ជួប​បញ្ហា​អសន្តិសុខ​ដ៏​គួរ​ឲ្យ​ព្រួយបារម្ភ​។​

​ជាមួយគ្នា​នោះ​សម្តេច​ក៏បាន​កោតសរសើ​រ​ដោយស្មោះ​អស់ពី​ចិត្ត​ចំពោះ​បងប្អូន​អ្នកសារ ព័ត៌មាន និង​អង្គភាព​សារព័ត៌មាន​មួយចំនួន​ដែល​បាន​ខិតខំ​ពុះពារ​រាល់​ការលំបាក​បំពេញ ការងា​រ​របស់​យ៉ាងសកម្ម​ប្រកបដោយ​ភាពស្មោះត្រង់​តាម​វិជ្ជាជីវៈ និង​មានការ​ទទួលខុស ត្រូវ​ខ្ពស់​ក្នុង​ផ្សព្វផ្សាយ​។​

​សម្តេច​បាន​លើកឡើងថា រាជរដ្ឋាភិបាល​តែងតែ​យកចិត្តទុកដាក់​ក្នុងការ​លើកតម្កើង​សិទ្ធិ សេរីភាព​ ខាង​សារព័ត៌មាន សេរីភាព​ខាង​បញ្ចេញមតិ​ស្រម​តាម​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណា ចក្រ​កម្ពុជា និង​ច្បាប់​ស្តីពី​របប​សារព័ត៌មាន និង​បានផ្តល់​អាទិភាព​ចម្បង​នៅក្នុង​កម្មវិធី​នយោបាយ​របស់​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​ទាំង​ក្នុងដំណាក់កាល​ទី​៣ និង​ដំណាក់កាល​ទី​៤​។​

សម្តេច​បន្តថា រាជរដ្ឋាភិបាល​ត្រូវការ​នូវ​សារព័ត៌មាន​ដែលមាន​ថាមពល​ប្រកបដោយ​ការទទួលខុសត្រូវ និង​មាន​ភាពស្មោះត្រង់​ចំពោះ​វិជ្ជាជីវៈ គឺ​ទាមទារ​ឲ្យ​អ្នកសារព័ត៌មាន​ស្តាប់​គ្រប់​សំឡេង ហ៊ាន​និយាយ​ការពិត ហ៊ាន​រិះគន់​ក្នុងន័យ​ស្ថាបនា និង​ហ៊ាន​ទទួលយក​ការពិត​។​

​ជាមួយគ្នា​នោះ​សម្តេច​ក៏​សូម​អំពាវនាវ​ជាថ្មី​ដល់​អ្នកសារព័ត៌មាន​ជាតិ អន្តរជាតិ​ដែល​កំពុង​បំពេញបេសកកម្ម​ក្នុង​វិស័យ​ព័ត៌មាន​ក្នុង​ព្រះរាជា ណា​ចក្រ​កម្ពុជា​សូម​យកចិត្តទុកដាក់​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន គោរព​ច្បាប់​រដ្ឋ និង​ជៀសវាង​នូវ​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ឬ​ព័ត៌មាន​តែមួយ​ជ្រុង​ដោយសារតែ​គំនុំ​ដោយ​ពុំ​គិតពី​ក្បួនខ្នាត​ក្រឹត្យក្រម​នៃ​សារព័ត៌មាន ហើយ​គិតតែ​ពី​ប្រយោជន៍​ផ្ទាល់ខ្លួន ឬ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​បំប៉ោង​សភាពការណ៍​ញុះញង់​ឲ្យ​មាន​ជម្លោះផ្ទៃក្នុង​រុញច្រាន​ប្រទេស​ឲ្យ​ធ្លាក់​ក្នុង​ភាពវឹកវរ អសន្តិសុខ ឬ​បង្ក​ឲ្យ​កើត​ជម្លោះ​ប្រដាប់អាវុធ​ជាមួយ​ប្រទេសជិតខាង​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ប្រទេសជាតិ​ដែលជា​អំពើ​ខុសច្បាប់​ដែល​មិនអាច​អត់ឱន​ឲ្យ​ជាដាច់ខាត​៕

​ខ្លឹមសារ​ទាំងស្រុង​សូម​អាន​សារលិខិត​ខាងក្រោម ៖