ជនជាតិ​ចិន​ក្នុង​ក្រុម​ចាប់ជំរិត១៤​នាក់ ត្រូវបាន​ចាប់ខ្លួន​នៅ​សង្កាត់​ទួល​សង្កែ​២
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 December, 2018 ក+ ក-

ភ្នំពេញ ៖ ក្រុម​ជនជាតិ​ចិន​ប្រព្រឹត្ត​បទល្មើស​ចាប់ជំរិត ត្រូវបាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិតធ្ងន់​នៃ​នាយកដ្ឋាន​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ សហការ​ណ៍ ជាមួយ​នគរបាល​រាជធានី​ភ្នំពេញ​ធ្វើការ​ស្រាវជ្រាវ​ហើយ ឈានទៅ​បំបែក​សំបុ​ក្រ​ក្រសោប​បាន​ជនសង្ស័យ​ជា​ជន ជាតិ​ចិន ចំនួន ១៤​នាក់ និង រំដោះ​ជនរងគ្រោះ ដែលជា​ជនជាតិ​ចិន ដូចគ្នា​បាន​ដោយ​សុវត្ថិភាព ហើយ​ដកហូត​បាន​កាំភ្លើងខ្លី​ម៉ា​កឡុក​មួយ​ដើម ខ្នោះ ដំបងឆក់ និង​កំ​ព្យូ​ទ័​រ ជាច្រើន​គ្រឿង​។​

ការបង្ក្រាប​ក្រុម​ចាប់ជំរិត នេះ​ធ្វើឡើង​នៅវេលា​ម៉ោង ១២ ថ្ងៃត្រង់​ទី ២៣ ខែធ្នូ​ឆ្នាំ ២០១៨ នៅ​ចំណុច ផ្សារ ហ័​រលា​ន ដែលមាន​ទីតាំង នៅតាម​វិថី​អង្គរ​ខាងជើង អតីត​រង្វង់​មូល​ខាំ​កូ​ធី​ស៊ី ប្រមាណ​១០០​ម៉ែត្រ ក្នុងភូមិ ពោងពាយ សង្កាត់​ទួល​សង្កែ​២ ខណ្ឌឫស្សីកែវ ហើយ​បាន បញ្ចប់​ប្រតិបត្តិការ​នៅវេលា​ម៉ោង ៤ និង ៣៥​នាទី រសៀល ។​

ប្រតិបត្តិការ នេះ​ដឹកនាំ​និង​បញ្ជា​ផ្ទាល់ ដោយ​លោក ឧ​ត្ត​ម​សេនីយ៍ ទោ​កើត ប៊ុន ណា អនុ ប្រធាននាយកដ្ឋាន នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ និង​មានការ​សម្របសម្រួល ពី​លោក លី សុផាន់​ណា ព្រះ​រា​អាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចូលរួម​សហការ​ពី​នគរបាល​ព្រហ្មទណ្ឌ​កំរិតធ្ងន់​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នគ​បាល​ខណ្ឌ ចំការមន និង​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ និង​អាជ្ញាធរ​មូលដ្ឋាន​ផងដែរ​។​

តាម​ព័ត៌មាន​អោយដឹងថា ការ​ឈានទៅ​បង្ក្រាប​និង​ឃាត​ខ្លួន ក្រុម​ចាប់ជំរិត បន្ទាប់ពី​ស្ត្រី​ជា​ប្រពន្ធ​របស់​ជនរងគ្រោះ​ជា​ជនជាតិ​ចិន បាន​ទៅ​ដាក់ពាក្យ បណ្តឹង​នៅ​គ​របាល​ក្រសួង មហាផ្ទៃ ហើយ បើក​ការស្រាវជ្រាវ ដោយ​អោយ ជនរងគ្រោះ​យកប្រាក់​ទៅ​ប្រគល់អោយ ក្រុម​ចាប់ជំរិត​ឈានទៅ​ក្រសោប​បាន​ទាំង​សំបុ​ក្រ​តែម្តង ។​

តាម​ព័ត៌មាន​អោយ ជនសង្ស័យ​សុទ្ធតែ​ជនជាតិ​ចិន បានធ្វើ​សកម្មភាព ចាប់ជំរិត ជនជាតិ​គ្នា ឯង​កាលពី​វេលាយប់​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០០៨ បន្ទាប់ពី​ជនរងគ្រោះ ធ្វើដំណើរ​ពី​ផ្ទះ​នៅក្នុង​សង្កាត់​ទន្លេបាសាក់ ទៅ​ជួប​ក្រុម​ជនសង្ស័យ នៅក្នុង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ក្នុង ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​បន្ទាប់ពី​ឃាត់ខ្លួន ជនសង្ស័យ​ក៍បាន​នាំ​ជនរងគ្រោះ​យកទៅ​ឃុំ ឃាំង​ក្នុង​ផ្សារ​ហ័​រ​លាន​ដែលមាន​កំពស់​៤​ជាន់​ក្នុង​ទីតាំង​ខាងលើ រួច​ក៍បាន​ទូរស័ព្ទ​ទៅ​ស្ត្រី​ជា​ប្រពន្ធ​ទារប្រាក់​។​

តាម​ព័ត៌មាន​អោយដឹងថា នៅក្នុង​សកម្មភាព​ក្រុម​ជនសង្ស័យ បាន​ជំរិត​ទារប្រាក់​ចំនួន ៨០​ម៉ឺន ដុល្លារ ហើយ​ត្រូវ​ក្រុមគ្រួសារ​ទៅប្តឹង​សមត្ថកិច្ច​បើក​ការស្រាវជ្រាវ​បង្ក្រាប​តែម្តង បន្ទាប់ ជនរងគ្រោះ​ក៍បាន​យកប្រាក់​ចំនួន ៣​ពាន់​ដុល្លារ អោយ​ជនសង្ស័យ និង​បានធ្វើ​លិខិត​ធ្វើជា​ជំពាក់​ប្រាក់​បន្ថែមទៀត ដើម្បី​ផ្ញើអោយ​ក្រុមគ្រួសារ​ផ្ញើ​ប្រាក់​មកអោយ ហើយ ត្រូវបាន​កម្លាំង​ន​សំរុកចូល​ឃាត់ខ្លួន​តែម្តង​។​

​ទោះបីជា​យ៉ាងណា នគរបាល​ពុំបាន​ផ្តល់ព័ត៌មាន​លំអិត​ជុំវិញ​ការបង្ក្រាប​ក្រុម​ចាប់ជំរិត​នោះទេ​។ ជនសង្ស័យ ត្រូវបាន​កម្លាំង​នគរបាល​បញ្ចូនទៅ​កាន់​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ដើម្បី​សាកសួរ និង​បន្ត​ចាត់ការ​តាមច្បាប់​៕