ឌី​ជេ ឡាយ​អិន និង​បក្ខពួក​៣​នាក់​ទៀត ត្រូវ​តុលាការ​ឃុំខ្លួន ករណី​ជួញដូរ​គ្រឿងញៀន​ជាង ១​គ​.​ក្រ​.
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 December, 2018 ក+ ក-

​ភ្នំពេញ ៖ លោក ហែម បូរិទ្ធ ហៅ ឡាយ​អិន អតីត​ពិធីករ​ទូរទស្សន៍​ល្បីឈ្មោះ​ម្នាក់ និង​ជា DJ រួមទាំង​បក្ខពួក​៣​នាក់​ទៀត ត្រូវបាន​លោក ឡុង ជាប ព្រះរាជអាជ្ញារង​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​នៅ​ថ្ងៃទី​២៣ ខែធ្នូ​ម្សិល​ម៉ិ​ញ ចោទប្រកាន់​ពីបទ​ជួញដូរ​គ្រឿងញៀន​និង​រក្សាទុក​អាវុធ​ខុសច្បាប់​។

ការបើក​ប្រតិបត្តិ​ការបង្ក្រាប​ករណី​ជួញដូរ និង​រក្សាទុក​គ្រឿងញៀន​បាន​ដោយ​ជោគជ័យ ធ្វើឡើង​កាលពី​វេលា​ម៉ោង​២៖២០​នាទី រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១៩ ខែធ្នូ ស្ថិតនៅ​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុ​ក ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។

កម្លាំង​នគរបាល​ការិយាល័យ​ទី​៦​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ក្រសួងមហាផ្ទៃ ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៤​នាក់ ។

ការឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៤​នាក់​ខាងលើនេះ សមត្ថកិច្ច​ដកហូត​វត្ថុតាង​នៅក្នុង​បន្ទប់​១០៨ ក្នុង​មជ្ឍមណ្ឌល​កម្សាន្ត​រ៉ុ​ក រួមមាន ថ្នាំ​មេ​តំ​ហ្វេ​តា​មីន​(ICE) ទម្ងន់​ជាង​៣៧៤​ក្រាម សារធាតុ​ញៀន​ប្រភេទ​អុ​ភិ​ច​ស្តា​ស៊ី​ចំនួន​១៥៦២​គ្រាប់ ស្មើ​ទម្ងន់ និង​៦០៩.៣៣​ក្រាម (​សរុប​ជាង​១​គីឡូក្រាម​) អាវុធខ្លី​១​ដើម (​ឡុ​ក​) ជញ្ជីង​ថ្លឹង​គ្រឿងញៀន​ធំ​១​គ្រឿង និង​តូច​២​គ្រឿង​៕