​កម្មករ​ស៊ីឈ្នួល​ក្នុង​ចម្ការ​ដំឡូង​ពីរ​នាក់​ប្តី​ប្រពន្ធ ផ្ទុះ​​ក្បាលគ្រាប់​ស្លាប់ នៅ​ស្រុក​ភ្នំព្រឹក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 December, 2018 ក+ ក-

បាត់ដំបង ៖ បុរស​ស្ត្រី​វ័យ​ចំណាស់​ពីរ​នាក់​ប្តី​ប្រពន្ធ បាន​ស្លាប់​ខណៈ​ដុត​ភ្លើង​ដេញចាប់​សត្វ​ត្រកួត​ក្នុង​ចម្ការ​ដំឡូង ហើយ​ផ្ទុះ​ក្បាល​គ្រាប់​យ៉ាង​កក្រើក​បង្ក​ការភ្ញាក់ផ្អើល​តែម្តង​។​

​របាយការណ៍​សមត្ថកិច្ច ឲ្យ​ដឹងថា នៅ​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៨ វេលា​ម៉ោង ១៣ ៖ ៣០​នាទី នៅ​ចំណុច​បឹង​អន្ទង់ ស្ថិតក្នុង​ភូមិ​បួរ ឃុំ​បួរ ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង មាន​ករណី​ផ្ទុះ​គ្រាប់ ត្បាល់​៦០ បណ្តាលអោយ​ជនរងគ្រោះ​២​នាក់ ប្តី​ប្រពន្ធ​បាន​ស្លាប់ ដោយ​បុរស​ជា​ប្តី​ឈ្មោះ ជាតិ អាយុ​ប្រហែល ៥០​ឆ្នាំ ស្លាប់​នៅ​កន្លែងកើតហេតុ ប្រពន្ធ​មិនទាន់​ស្គាល់​អត្តសញ្ញាណ បាន​ស្លាប់​ពេល​បញ្ជូន​ដល់​មណ្ឌល​សុខភាព​បួរ​។ អ្នក​ទាំងពីរ មាន​ស្រុកកំណើត នៅ​ភូមិ​ត្រាំ​ស ឃុំ​តានី ស្រុក​ទូក​មាស ខេត្តកំពត មក​ស្នាក់នៅ​បណ្តោះអាសន្ន ធ្វើ​កម្មករ​កាប់​ដំឡូង អោយ​ម្ចាស់​ចំការ​ឈ្មោះ ហៀ​ង រ៉េត ភេទ​ស្រី អាយុ​៦៤​ឆ្នាំ នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។​

​របាយការណ៍​ដដែល​ប​ញ្ជា​ក់ថា មូលហេតុ ជនរងគ្រោះ​០២​នាក់​ប្តី​ប្រពន្ធ បានមក​ដុត​គល់ឈើ​ក្នុង​ចំការ ដើម្បី​ចាប់​សត្វ​ព្រួត ដោយ​មិនដឹងថា មាន​ក្បាល​គ្រាប់​ត្បាល់​៦០ ដែល​នៅ​ទីនោះ បណ្តាលអោយ​ផ្ទុះ​ស្លាប់​តែម្តង ។​

​ក្រោយពី​សមត្ថកិច្ច​យើង ពិនិត្យ​កន្លែងកើតហេតុ និង​សាកសព ជនរងគ្រោះ​រួចមក យើង​បានប្រគល់​សាកសព​អោយទៅ​លោក​មេភូមិ និង​ម្ចាស់​ចំការ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ ដោយ ៖ សុផល​