ព្រឹទ្ធិ​សភា​នឹង​ពិភាក្សា​អនុម័ត​ច្បាប់​ស្តីពី​បក្សនយោបាយ​នៅ​ថ្ងៃទី​២៥ ធ្នូ នេះ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 December, 2018 ក+ ក-

​ភ្នំពេញ ៖ នៅ​ថ្ងៃទី​២៥ ធ្នូ សេចក្តីព្រាងច្បាប់​ស្តីពី​វិសោធនកម្ម មាត្រា​៤៥​ថ្មី (​ស្ទួន​) នៃ​ច្បាប់​ស្តីពី គណបក្សនយោបាយ នឹង​ព្រឹទ្ធិ​សភា​បើក​សម័យប្រជុំ​ពិភាក្សា​អនុម័ត ដែល​នឹង​បើកផ្លូវ​ឲ្យ​អតីតមន្ត្រី CNRP អាចធ្វើ​នយោបាយ​ឡើងវិញ បន្ទាប់ពី​ច្បាប់​នេះ ត្រូវបាន​ឡាយព្រះហស្ត​ដោយ​ព្រះមហាក្សត្រ​។

​សូមបញ្ជាក់ថា តាម​លទ្ធផល​នៃ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា ដឹកនាំ​ដោ​យល លោក ស៊ឹម កា អនុប្រធាន​ទី​១ និង​ជា​ប្រធានស្តីទី​ព្រឹទ្ធសភា បានកំណត់​យក​ថ្ងៃទី ២៥ ធ្នូ នេះ​ដើម្បី​សម័យប្រជុំ​ពេញអង្គ​របស់ខ្លួន ដើម្បី​ពិនិត្យ និង​អនុម័ត ច្បាប់​នេះ​។

​លោក ម៉ម ប៊ុននាង អ្នកនាំពាក្យ​ព្រឹទ្ធសភា​បាន​ថ្លែងថា វិសោធនកម្ម​មាត្រា ៤៥​ថ្មី (​ស្ទួន​) នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ ធ្វើឡើង​ដើម្បី​ធានា​ភាពច្បាស់លាស់​អំពី​បុគ្គល​ដែល​ត្រូវបាន​តុលាការ​កំពូល​សម្រេច​ហាមឃាត់​ការធ្វើសកម្មភាព​នយោបាយ​ស្របតាម​គោលការណ៍​នីតិរដ្ឋ លើកកម្ពស់​ស្មារតី​បង្រួបបង្រួម​ជាតិ និង​ពង្រឹង​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​។

​ច្បាប់​នេះ​នឹង​ថ្វាយ​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នូវ​ព្រះរាជតួនាទី​ស្របតាម​ស្មារតី នៃ​រដ្ឋធម្មនុញ្ញ​ក្នុង​ការផ្តល់​នីតិសម្បទា​ឡើងវិញ​ចំពោះ​អ្នកនយោបាយ ដែល​ត្រូវ​តុលាការ​កំពូល​សម្រេច​ហាមឃាត់​ការធ្វើសកម្មភាព​នយោបាយ តាម​អំណាច​សាលដីកា​។ ទោះ​យ៉ាងនេះ​ក្តី អ្នកនាំពាក្យ​រូបនេះ​បាន​អះអាងថា គណបក្សនយោបាយ​ដែល​ត្រូវបាន​រំលាយ​ដោយ​ច្បាប់ គឺ​មិនអាច​កើតឡើង​វិញ​ទេ អតីត​តំណាងរាស្ត្រ ឬ​អតីត​ក្រុមប្រឹក្សាឃុំ សង្កាត់ ដែល​រលាយ​តាម​គណបក្ស​នោះ ក៏ត្រូវ​តែ​រលាយ​ដែរ​៕