ហាម​ចរាចរណ៍​ពី​គល់ស្ពាន​ព្រែក​ព្នៅ ទៅ​ផ្លូវជាតិ​លេខ​៦ អំឡុង​ថ្ងៃ​សម្ពោធ​វិមាន​ឈ្នះ ឈ្នះ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 December, 2018 ក+ ក-

​ភ្នំពេញ ៖ កំណាត់​មហាវិថី​ឈ្នះ​ឈ្នះ ពី​គល់ស្ពាន​ព្រែក​ព្នៅ រហូតដល់​ផ្លូវជាតិ​លេខ​៦ នឹងត្រូវ​បិទ​ចរាចរណ៍​ចាប់ពី​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៨ ដល់​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៩ ដោយ​ត្រូវ​ពង្វាង​ចរាចរណ៍​ឆ្លងកាត់​តាម​ស្ពាន​ព្រែក​ក្តាម​វិញ​។

​នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៨ ស្តីពី​ការបញ្ចៀស​ចរាចរណ៍​ក្នុងអំឡុង​ពិធី​សម្ពោធ​វិមាន​អនុស្សាវរីយ៍​ឈ្នះ​ឈ្នះ និង​អបអរសាទរ​នៃ​ការបញ្ចប់​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា និង​ការអនុវត្ត​ប្រកបដោយ​ជោគ ជ័យ នយោបាយ ឈ្នះ ឈ្នះ របស់​សម្តេច ហ៊ុន សែន​។​

​អាជ្ញាធរ​រាជធានី​បញ្ជាក់ថា ការបិទ​ចរាចរណ៍​នេះ គឺ​ដើម្បីឱ្យ​កម្មវិធី​ខាងលើនេះ ប្រព្រឹត្ត​ទៅដោយ​រលូន និង​រក្សាបាន​នូវ​សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ ពិសេស​ដើម្បី​កាត់បន្ថយ​នូវ​ការកកស្ទះ​ចរាចរណ៍​៕