កម្ពុជា ថៃ ជួបពិភាក្សា​សំណើ​ផ្អាក​ការនាំ​កសិផល​ជាង​១០​មុខរបស់​កម្ពុជា ចូល​តាម​ច្រក​តំបន់​អានសេះ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 December, 2018 ក+ ក-

​ព្រះវិហារ ៖ អាជ្ញាធរ​ស្រុក​ជាំ​ក្សាន្ត (​កម្ពុជា​) ស្នើ​ឲ្យ​អាជ្ញាធរ​ថៃ ពិនិត្យឡើងវិញ ទៅលើ​សំណើសុំ​ផ្អាក​ហាមឃាត់​មិន​ឲ្យ​នាំចូល​ដំណាំ​កសិផល​ប្រមាណ​ជាង​១០​មុខ របស់​កម្ពុជា​ចូល​ទឹកដី​ថៃ តាម​ច្រក​អានសេះ ជា​ច្រក​តំបន់ ដែល​ធ្វើឱ្យប៉ះពាល់​ដល់​ផលប្រយោជន៍​ប្រជាពលរដ្ឋ នៃ​ប្រទេស​ទាំងពីរ មិនមែន​តែ​ពលរដ្ឋ​កម្ពុជា​នោះទេ​។ ព្រោះថា​បច្ចុប្បន្ននេះ​ការនាំ​កសិផល​ចេញចូល​របស់​ពលរដ្ឋ នៃ​ប្រទេស​ទាំងពីរ ភាគច្រើន​គឺ​នាំចូល​មក​តែ​ពី​ប្រទេស​ថៃ​។

​លោក​ថាបើ​អាជ្ញាធរ​ថៃ​ហាមឃាត់​មិន​ឲ្យ​នាំ​កសិផល​ជាង​១០​មុខ របស់​កម្ពុជា​ចូល​ទឹកដី​ថៃ​បានទេ នោះ​កម្ពុជា​ក៏​មិន​អនុញ្ញាត​ឲ្យ​កសិផល​ថៃ​ជាង​១០​មុខ ចូលមក​ទឹកដី​កម្ពុជា​បាន​វិញ​នោះដែរ​។​

​ការស្នើ​នេះ​បាន​ធ្វើឡើង​នៅក្នុង កិច្ចប្រជុំ​ប្រចាំខែ​រួមគ្នា​៤​ស្រុក រវាង​ស្រុក​ជាប់​ព្រំដែន នៃ​ខេត្ត​ឧ​ប៊ុន​រាជធានី ព្រះរាជាណាចក្រ​ថៃ ដែល​ដឹកនាំ​ដោយ លោក​វរសេនីយ៍ឯក ប្រា​ជួប មូល​ប្រដាប់ ប្រធាន​ទំនាក់ទំនង​ព្រំដែន​យោធភូមិភាគ​ទី​៤ ទិស​ទី​១ នៃ​កងកម្លាំង​សុ​រៈ​នារី​ថៃ និង​ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ដើម្បី​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ល្អ ក្នុងការ​រួមគ្នា​ទប់ស្កាត់​បង្ក្រាប​រាល់​បទល្មើស​ឆ្លងដែន​ខុសច្បាប់​នានា​។​

​នា​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២៤ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ច្រកព្រំដែន​អានសេះ ស្ថិត​ក្នុងភូមិ​អានសេះ ឃុំ​ជាំ​ក្សាន្ត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។​

​លោក ជា គឹម​សេង អភិបាល នៃ​គណៈ​អភិបាលស្រុក​ជាំ​ក្សាន្ត បានលើកឡើង​ទៀតថា​កន្លងមក ថៃ​បានស្នើ​ឲ្យ​កម្ពុជា​ផ្អាក​នាំ​កសិផល​ផ្លែ​ល្ពៅ ចូលទៅ​ទឹកដី​ថៃ​តាម​ច្រក​តំបន់​នេះ ប៉ុន្តែ​កម្ពុជា​ក៏បាន​ស្នើ​ទៅ​ភាគី​ថៃ​មិន​ឲ្យ​នាំ​ផ្លែ​ល្ពៅ​ពី​ប្រទេស​ថៃ ចូលមក​កម្ពុជា​វិញ​ផងដែរ​។​

​លោក​បន្តថា បើ​ច្រក​តំបន់​នេះ​ក្លាយទៅជា​ច្រក​អន្តរជាតិ​នោះ ថ្នាក់ដឹកនាំ​នឹងធ្វើ​ទៅតាម​ច្បាប់​ដែល​ប្រទេស​ទាំងពីរ​បានកំណត់ ប៉ុន្តែ​បច្ចុប្បន្ន​ច្រក​តំបន់​នេះ នៅ​មិនទាន់​ក្លាយទៅជា​ច្រក​អន្តរជាតិ​នោះ​នៅឡើយ​ទេ​។​

​ដូច្នេះ​កម្ពុជា​ស្នើ​ឲ្យ​អាជ្ញាធរ​ថៃ​ពិចារណា ព្រោះ​ថាបើ​អាជ្ញាធរ​ថៃ នៅតែ​ធ្វើការ​ផ្អាក​កសិផល​រប​ស់​កម្ពុជា គឺ​ប្រៀប​បី​ដូចជា​កាត់​ប្រយោជន៍​របស់​ប្រទេស​ថៃ​ប្រមាណ​ជាង​១០​មុខ​ដូច្នេះ​ដែរ​។​

​លោក​អភិបាលស្រុក​បន្ថែមថា ចំពោះ​រឿងនេះ​លោក​និង​ដាក់ជូនទៅ​ឯកឧត្តម​អភិបាលខេត្ត​ព្រះវិហារ ដើម្បី​សម្រាច​ថា​តើ​យកតាម ការស្នើរ​សុំ​របស់​អាជ្ញាធរ​ថៃ រឺ​ស​យ៉ាងណា​៕ ដោយ ៖ ស​.​ស​.