​ប្រតិភូ​នាយក​ខុទ្ទកាល័យ​សម្ដេច​តេ​ជោ ចុះសួរសុខទុក្ខ​កងកម្លាំង​សម្ព័ន្ធមេត្រីភាព វរ​សេនា​តូច​៣៨៥
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 December, 2018 ក+ ក-

​ព្រះវិហារ ៖ លោក នាយ​ឧ​ត្ត​ម​សេនីយ៍ គីម ប៊ុន​ថា​ន អគ្គ​មេបញ្ជាការរង នៃ​កង​យុទ្ធ​ពល​ខេមរៈភូមិន្ទ នាយរងខុទ្ទកាល័យ​ស​ម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន ឯកឧត្តម ប៊ុន ថន និង​លោកជំទាវ តំណាង​ដ៏​ខ្ពង់ខ្ពស់​លោក ហូ សិទ្ធី ទេសរដ្ឋមន្ត្រី នាយក​ខុទ្ទកាល័យ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​អញ្ជើញ​ចុះសាកសួរ​សុខទុក្ខ និង​នាំយក​អំណោយ​ឧបត្ថម្ភ​ដល់​កងទ័ព​សម្ព័ន្ធមេត្រី​ភាពវរ​សេនា​តូច​៣៨៥ ចំណុះ​កងពលតូច​អន្តរាគមន៍​លេខ​៨ នាឱកាស​អបអរសាទ​រ​បុណ្យ​ឯករាជ្យ​ជាតិ ៧​មករា​ឆ្នាំ​១៩៧៩/៧​មករា​២០១៩ ដែល​និង​ខិតជិត​ចូលមក​ដល់​ក្នុងពេល​ឆាប់ៗ​នេះ​។​

​ដំណើរ​អញ្ជើញ​ចុះសួរសុខទុក្ខ​នេះ​បានធ្វើ​ឡើង នា​រសៀល​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ទីបញ្ជាការ​វរ​សេនា​តូច​៣៨៥ ក្រោម​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ ឧ​ត្ត​ម​សេនីយ៍​ឯក ស្រី ឌឹ​ក មេបញ្ជាការរង​កងទ័ព​ជើងគោក និង​ជា​មេបញ្ជាការ​កងពលធំ​អន្តរាគមន៍​លេខ​៣ បញ្ជាការដ្ឋាន​កងទ័ព​ជើងគោក និង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ លី ស៊ុន មេបញ្ជាការ​កងពលតូច​អន្តរាគមន៍​លេខ​៨ ព្រមទាំង​ឯកឧត្តម​មេបញ្ជាការ មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង តាម​បណ្ដា​ការិយាល័យ​ជំនាញ នាយ​និង​ពលទាហាន​ជាច្រើន​នាក់​ផងដែរ​។​

​ជាមួយគ្នា​នោះ ទាំង​មេបញ្ជាការ​វរៈ ក៏ដូចជា​នាយ និង​ពលទាហាន​ទាំងអស់ ក្នុង​វរ​សេនា​តូច​៣៨៥ បាន​គោរព​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ​ជាទីបំផុត ចំពោះ​លោក ហូ សិទ្ធី នាយក​ខុទ្ទកាល័យ​សម្តេច​តេ​ជោ លោក​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធាន​ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ច ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច ហិរញ្ញវត្ថុ និង​លោក​ឧកញ៉ា អគ្គនាយក​ធនាគារ​កា​ណា​ឌី​យ៉ា រួមទាំង​មន្ត្រី​ខុទ្ទកាល័យ​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែលជា​និច្ចកាល​តែងតែ​ជួយ​ទំនុក​បំ​រ៉ុង​ទាំង​សម្ភា​រះ មធ្យោបាយ និង​ថវិកា ក្នុង​ការជួយ​ទ្រទ្រង់​កសាង​អង្គភាព ក៏ដូចជា​ជួយ​អភិវឌ្ឍន៍ លើកតម្កើង​ជីវភាព​គ្រួសារ​កងទ័ព នៅ​តំបន់​ជួរមុខ ឲ្យ​កាន់​តែមាន​ភាពល្អប្រសើរ​ឡើង​បន្ថែមទៀត​។​

​មាន​ប្រសា​ស​ន៏​ថ្លែង​ទៅកាន់ នាយទាហាន​នាយទាហានរង និង​ពលទាហាន នាឱកាស​នោះ លោក នាយ​ឧ​ត្ត​ម​សេនីយ៍ គីម ប៊ុន​ថា​ន អគ្គ​មេបញ្ជាការរង នៃ​កង​យុទ្ធ​ពល​ខេមរៈភូមិន្ទ នាយរងខុទ្ទកាល័យ​ស​ម្ដេច​មានប្រសាសន៍ថា ការចង​សម្ព័ន្ធមេត្រីភាព​រវាង​សមរភូមិ​ក្រោយ ជាមួយនឹង​សមរភូមិ​មុខ​ក្រោម​គំនិត​ផ្ដួចផ្ដើម​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ឆ្នាំ​២០០៥ ក្នុងឱកាស​សន្និបាត​ក​ង​យោធពល​ខេមរៈ​ភូមិ​ន្ទិ​លើក​ទី​២​។​លោក​បន្តថា ការចង​សម្ព័ន្ធមេត្រីភាព​មាន​ហេតុផល​២​យ៉ាង​មួយ​គឺ​ជួយ​បំពេញ​ឲ្យ​នូវ​អ្វី​ដែលជា​របប​របស់​រា​ជ​រដ្ឋាភិបាល របស់​ក្រសួង របស់​អគ្គបញ្ជាការ​ដ​ល់​បណ្ដា​អង្គភាព ពិសេស​បាន​ផ្សារភ្ជាប់​នូវ​ស្មារតី សាមគ្គី​រវាង​សមរភូមិ​ក្រោយ ជាមួយនឹង​សមរភូមិ​មុខ​។​

​បន្ទាប់ពី​ប្រសាសន៍​សំណេះសំណាល​បានបញ្ចប់ គណៈប្រតិភូ​បាន​អញ្ជើញ​ប្រគល់​ថវិកា និង​ចែកជូន​ដល់ នាយទាហាន នាយទាហានរង និង​ពលទាហាន ក្នុង​ម្នាក់ៗ​ទទួល​ថវិកា​១៥​ម៉ឺន​រៀល​៕ ដោយ ៖ ស​.​ស​.