សមាសភាព​អតីត​បក្សប្រឆាំង​ត្រូវបំពេញ​នីតិវិធី​ចំនួន​បី ទើប​អាច​វិល​ចូល​ឆាកនយោបាយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 December, 2018 ក+ ក-

​ភ្នំពេញ ៖ នាយករដ្ឋមន្ត្រី​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​សំដៅទៅ ដល់​អតីត មន្ត្រី​គណបក្សប្រឆាំង​ដែល​ត្រូវបាន​តុលាការ​កំពូល​ហាមឃាត់​មិន​ឲ្យ​ធ្វើ​នយោបាយ ថា មាន​ជម្រើស​ចំនួន​បី​សម្រាប់​ផ្តល់​ឲ្យ​អ្នក​ទាំងនោះ មាន​សិទ្ធិ​ធ្វើ​នយោបាយ​ពេញលេញ​ឡើងវិញ​។​

​ជម្រើស​ទាំងបី​ដែល​សម្តេច​តេ​ជោ បានលើកឡើង​ដើម្បី​ឲ្យ​អតីតមន្ត្រី​គណបក្សប្រឆាំង មាន​សិទ្ធិ​ធ្វើ​នយោបាយ​វិញ គឺ​ទី​១-​ថ្វាយ​ស្នើសុំ​ព្រះរាជទាន លើកលែងទោស​ពី​ព្រះមហាក្សត្រ​ផ្ទាល់ ទី​២-​ដាក់​លិខិត​មកកាន់​នាយករដ្ឋមន្ត្រី នាយករដ្ឋមន្ត្រី​ដាក់​ស្នើ​ថា្វ​យ​ព្រះមហាក្សត្រ និង​ទី​៣-​ដាក់​លិខិត​ស្នើសុំ​ទៅ​ក្រសួងមហាផ្ទៃ រួច​ក្រសួងមហាផ្ទៃ នឹង​ថា្វ​យ​ព្រះមហាក្សត្រ​។

​នាយករដ្ឋមន្ត្រី បាន​អះអាងថា មិនមែន​ច្បាប់​នេះ​ដាក់​ឲ្យ​អនុវត្ត​ភ្លាម អ្នកនយោបាយ ដែល​តុលាការ​ហាមឃាត់​សិទ្ធិ​នយោបាយ​ទាំងអស់នោះ អាច​វិល​ចូល​ឆាកនយោបាយ​វិញ​បាន​ភ្លាម​បានទេ​។ អ្នកនយោបាយ​ទាំងនោះ ត្រូវ​ស្នើ​ម្នាក់​ម្តងៗ មិនអាច​ស្នើ​ជា​កញ្ចប់​នោះឡើយ​។

​នាយករដ្ឋមន្ត្រី បន្ថែមថា បើ​អ្នក​មិន​សុំ​ទេ គឺ​អ្នក​មិនអាច​ចូលរួម​បោះឆ្នោត ក្រុមប្រឹក្សាឃុំ​-​សង្កាត់​នៅ​ឆ្នាំ​២០២២ បានទេ ហើយ​បើ​អ្នក​សុំ​ពី​ឥឡូវនេះ នឹងមាន​សិទ្ធិ​ចូលធ្វើ​ន​យោ​យ​បាយ ដើម្បី​ឈានទៅដល់​ការបោះឆ្នោត​ថ្នាក់ជាតិ នា​ឆ្នាំ​២០២៣​ខាងមុខ​។​

​យ៉ាងណាក៏ដោយ សម្តេចនាយក​រដ្ឋមន្ត្រី បាន​អះអាង​ជាថ្មី​ថា ទោះ​នៅពេល ច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​នេះ​ចូល​ជា​ធរមាន​ក៍ដោយ ក៏​គណបក្ស​សង្គ្រោះ ជាតិ​ទាំងមូល មិនអាច​រស់​ឡើងវិញ​បានទេ​។ គេ​មិនអាច​បង្ខំ​ឲ្យ​ព្រះអាទិត្យ​រះ​នៅពេល​រាត្រី​ម៉ោង ១២​យប់​បានទេ​។

​គួរ​បញ្ជាក់ដែរថា កាលពី​ថ្ងៃទី​២៥ ធ្នូ កន្លងទៅ ព្រឹទ្ធិ​សភា​បាន​ពិនិត្យ និង​ឯកភាព​ទាំងស្រុង​ទៅ​សេចក្តីស្នើ​វិសោធនកម្ម​ច្បាប់​មាត្រា​ទី​៤៥​ថ្មី​ស្ទួន ច្បាប់​ស្តីពី​គណបក្សនយោបាយ ហើយ នឹង​បន្តទៅ​កាន់​ក្រុមប្រឹក្សា​ធម្ម​នុ​ដែល​នឹង​បើក​កិច្ចប្រជុំ នៅ​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៨ខាងមុខ ដើម្បី​ពិនិត្យ និង​សម្រេច​។ ក្រោយ​ក្រុមប្រឹក្សា​សម្រេច​រួច ច្បាប់​នេះ នឹងត្រូវ​ដាក់ថ្វាយ​ព្រះ មហាក្សត្រ​ដើម្បី​ឡាយ​ព្រហស្ថ​លេខា ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​៕