ខណ្ឌ​ព្រែក​ព្នៅ ផ្លាស់ប្តូរ និង​ផ្ទេរ​ភារកិច្ច​អភិបាលរង ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 December, 2018 ក+ ក-

​ភ្នំពេញ ៖ ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ ក្នុង​ក្របខណ្ឌ​មន្ត្រីរាជការ ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព និង​ការទទួលខុសត្រូវ​ខ្ពស់​ថែមទៀត ក្រសួងមហាផ្ទៃ បានធ្វើការ​ផ្លាស់ប្តូរ​តួនាទី​ភារកិច្ច​នឹង​ការទទួលខុសត្រូវ​មួយចំនួន នៅក្នុង​ខណ្ឌ​ព្រែក​ព្នៅ ក្នុងនោះ លោក ជា វីរៈ ជា​ឧ​ត្ត​ម​មន្ត្រី​ថ្នាក់​លេខ​៦ ឱ្យ​កាន់​មុខដំណែង​ជា អភិបាលរងខណ្ឌ​ព្រែ​ព្នៅ ជំនួស​លោក ទូច សា​លីន ដែលមាន​ឋា​ន្ត​រ​ស័ក្តិ​អនុមន្ត្រី ថ្នាក់​លេខ​២ នៃ​ក្របខ័ណ្ឌ​មន្ត្រី គ្រប់គ្រង​រដ្ឋបាល ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ាញ់ និង​នេសាទ ដែល​ត្រូវ​ទៅ​បំរើ​ការងារ នៅ​ក្របខណ្ឌ​ដើម​វិញ​។​

​ក្នុងឱកាស ផ្ទេរ​និង​ផ្លាស់ប្តូរ​ភារកិច្ច​នោះ លោក សុខ សម្បត្តិ អភិបាលខណ្ឌ​ព្រែក​ព្នៅ បាន​មានប្រសាសន៍ថា ការផ្លាស់ប្តូរ តួនាទី​ភារកិច្ច មន្ត្រីរាជការ ជា​រឿង​ធម្មតា អ្នក​ចាស់​ផ្លាស់​ទៅកាន់​តួនាទី មុខដំណែង​ថ្មី ក៏​ជា​មន្ត្រីរាជការ ដែល​បំរើឱ្យ​ប្រជាពលរដ្ឋ និង​ប្រទេស​ទេស​ជាតិ ដូចគ្នា នឹង​អ្នកថ្មី ដែល​ត្រូវ​មកកាន់​មុខដំណែង​ថ្មី​ដែរ អ្វីដែល​សំខាន់ គឺ​ត្រូវ​ពង្រឹង សមត្ថ ភាព ប្រឹងប្រែង​ធ្វើការ​ងារ តាម​តួនាទី​ភារកិច្ច ក៏ដូចជា គោរព​នូវ​បទបញ្ជា គោល​ការណែនាំ របស់​ថ្នាក់ដឹកនាំ​ឱ្យបាន​ខ្ជាប់​ខ្ជូ​ន ជាពិសេស មានការ​ឯកភាព សាមគ្គីភាព រវាង ក្រសួង​មន្ទីរ ស្ថាប័ន រដ្ឋ វិស័យ ឯកជន សង្គម​ស៊ីវិល និង មាន​សាមគ្គីភាព​ផ្ទៃក្នុង​បានល្អ​ប្រសើរ​។​

​ជាមួយគ្នា​នោះ​លោក​អភិបាលខណ្ឌ ក៏បាន​ជម្រាបជូន អំពី សកម្មភាព​ការងារ កសាង ស្តារ និង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ ការងារ​គ្រប់គ្រង​សន្តិសុខ​សណ្តាប់ធ្នាប់ ការធ្វើ​អភិបាលកិច្ច ក៏ដូចជា​ការផ្តល់សេវា​កម្ម ការដោះស្រាយ​បញ្ហា​នានា បំរើ​ជូន​ប្រជាពលរដ្ឋ នៅក្នុង​មូលដ្ឋាន​ខណ្ឌ​ព្រែក​ព្នៅ បាន​យ៉ាង​ល្អប្រសើរ​។​

​លោក នួន ផា​រ័ត្ន អភិបាលរង​រាជធានី​ភ្នំពេញ បាន​វាយតម្លៃ​ខ្ពស់ ចំពោះ សមិទ្ធិផល ដែល​បានកើត​ចេញពី​កិច្ចខិតខំ​ប្រ​ប្រែង​របស់​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់ ក៏ដូចជា​ការចូលរួម​ពី​ប្រជាពលរដ្ឋ ក្នុង​ខណ្ឌ​ព្រែក​ព្នៅ ធ្វើឱ្យ​ខណ្ឌ​នេះ មានការ​អភិវឌ្ឍ​រីកចំរើន លើ​គ្រប់​វិស័យ​គួរឱ្យកត់សំគាល់​។​

​លោក អភិបាលរង បាន​មានប្រសាសន៍ថា ទន្ទឹមនឹង​ការរីកចំរើន​គួរឱ្យ​មោទនៈភាព​នេះ ក៏មាន​បញ្ហា​ប្រឈម​ជាច្រើន ដែល​ត្រូវ​រួមគ្នា​គិតគូរ និង​ដោះស្រាយ​នៅ​ចំពោះមុខ ដូចជា បញ្ហា​សំរាម បញ្ហា​ចរាចរ បញ្ហា​កំណើន នៃ​មធ្យោបាយ​ធ្វើដំណើរ​និង​ការធ្វើ​ចំណាកស្រុក​របស់​ពលរ​ដ្ឋ​មក​រស់នៅ​ភ្នំពេញ ដែល​ធ្វើឱ្យ​រាជធានី​ភ្នំពេញ​មាន​ការរីក​ខ្លួន​យ៉ាង​ធំ​នាពេល​បច្ចុប្បន្ន ដែលជា​កង្វល់​រួម នឹង​ជា​បន្ទុក​ដែល​ត្រូវ​ដោះស្រាយ​ជា​បន្តបន្ទាប់​។​

​លោក នួន ផា​រ័ត្ន បាន​សង្កត់ធ្ងន់ថា ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ ឱ្យ​កាន់តែ​ល្អ ថ្នាក់ដឹកនាំ​ក្នុង​ខណ្ឌ​ទាំងអស់ ត្រូវតែ​ក្តាប់​ឱ្យបាន​ជាប់​នូវ​ផែនការ និង​ប្លង់គោល នៃ​ការវិវឌ្ឍ​រាជធានី​ភ្នំពេញ ជាពិសេស ក្នុង​ដែន​គ្រប់គ្រង​របស់ខ្លួន ចៀសវាង​ការផ្តល់ ឬ ការអភិវឌ្ឍន៍ ក្នុង​តំបន់​ណាមួយ ដែល​ផ្ទុយ​ពី​គោលការណ៍​ច្បាប់​អនុញ្ញាត​៕