ស្ថាន​តំណាង​កម្ពុជា អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ដែល​កំពុងស្នាក់នៅ​ឥណ្ឌូណេស៊ី ប្រុងប្រយ័ត្ន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 December, 2018 ក+ ក-

​ភ្នំពេញ ៖ បានចេញ​សេចក្ដីជូនដំណឹង​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ស្នាក់នៅ សិក្សា ធ្វើការ ឬ​ធ្វើដំណើរ​កម្សាន្ត នៅ​តំបន់​ចំនួន ២ នៅ​ឥណ្ឌូណេស៊ី មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​។​

​តំបន់​ទាំងពីរ រួមមាន​៖ ខេត្ត​ឡំ​ពង់ (Lampung) កោះ​ស៊ូ​ម៉ា​ត្រា​ខាងត្បូង និង​ខេត្ត​បានទេ​ន (Banten) កោះ​ចា​ហ្វា​ខាងលិច​។​

​សេចក្ដីជូនដំណឹង​ចុះ​ថ្ងៃទី​២៥​ធ្នូ​នេះ ធ្វើឡើង​ក្រោយពី​អ្នកជំនាញ និង​អាជ្ញាធរ​ឥណ្ឌូណេស៊ី បាន​ព្រមាន​អាសន្ន នៃ​ប​ន្ទុះ​កូនភ្នំ​ក្រា​កា​ទូ​អា ជាថ្មី​ម្ដងទៀត បន្ទាប់ពី​បាន​ផ្ទុះ និង​ធ្វើ​ឲ្យ​មាន​រលក​ស៊ូណាមិ កាលពី​យប់​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៨​។​

​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ឥណ្ឌូណេស៊ី បន្តថា ក្នុងករណី​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុង​ស្ថិតនៅ​តំបន់​ខាងលើ​មាន​អាសន្ន​បន្ទាន់ សូម​ទាក់ ទង​មន្ត្រី​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ឥណ្ឌូណេស៊ី តាមរយៈ​លេខ​ទូរ​សព្ទ​៖ +62 813 17565486, +62 82112368639 ឬ +62 812 82566658 ៕