​ផ្លូវជាតិ​លេខ​៤៨ (​​ស្រែអំបិល​-​​កោះកុង​) នឹងពង្រីកទៅជា​ផ្លូវ​ហាយ​វេ ៤​គន្លង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 December, 2018 ក+ ក-

កោះកុង ៖ រាជរដ្ឋាភិបាល​កម្ពុជា គ្រោង​នឹង​ពង្រីក​ផ្លូវជាតិ​លេខ​៤៨ (​ផ្លូវបំបែក​ស្រែអំបិល​-​ទី​រួម​ខេត្តកោះកុង​) ទៅជា​ផ្លូវ​ហាយ​វេ ៤​គន្លង នាពេល​អនាគត ដោយ​ផ្លូវ​នេះ​គឺជា​ផ្លូវ​របៀង​មាត់សមុទ្រ​សម្រាប់​ការតភ្ជាប់​ពី​ប្រទេស​ថៃ ទៅកាន់​ប្រទេស​វៀតណាម​។ នេះ​បើតាម​ការ​ថ្លែង​របស់​សម្តេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន ក្នុង​ពិធី​បើក​បុណ្យ​សមុទ្រ​នៅ​ខេត្តកោះកុង កាលពី​ពាក់កណ្តាល​ខែធ្នូ​កន្លងទៅ​។​

​សម្តេច​បញ្ជាក់ថា ផ្លូវជាតិ​លេខ​៤៨​នេះ មិនអាច​ទុក​បានត្រឹមតែ​ជាង​១០​ម៉ែត្រ​ប៉ុណ្ណឹង​នោះទេ​។ សម្តេច​បន្តថា ពេលនេះ​រាជរដ្ឋាភិបាល​កំពុងតែ​ដំណើរការ​នីតិវិធី​ជ្រើសរើស​ក្រុមហ៊ុន​គូរ​ប្លង់ សម្រាប់​ការកសាង​ផ្លូវ​នេះហើយ​។​
​សូម​ជម្រាប​ដែរ​ថា រាជរដ្ឋាភិបាល​កម្ពុជា នឹង​ចំណាយ​ថវិកា​ប្រមាណ ៧៥​លាន​ដុល្លារ សម្រាប់​លើកកម្ពស់​ផ្លូវជាតិ​លេខ​៤៨ ទៅជា​ប្រភេទ​បេតុង​កៅស៊ូ (AC) ក្នុងពេល​ឆាប់ៗ​នេះ​។ ក្នុងនោះ ៦៧​លាន​ដុល្លារ​ជា​កម្ចី​របស់​សាធារណរដ្ឋ​កូរ៉េ និង​៨​លាន​ដុល្លារ ជា​ថវិកាបដិភាគ​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា​៕