ពលរដ្ឋ​ជិត៨០០​គ្រួសារ អាច​បន្ត​ស្នាក់​នៅលើ​បឹង​ទន្លេសាប ដល់​ពាក់កណ្ដាល​ឆ្នាំក្រោយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 December, 2018 ក+ ក-

​កំពង់ឆ្នាំង ៖ អភិបាលរង​ខេត្តកំពង់ឆ្នាំង លោក ស៊ុន សុវណ្ណារិទ្ធ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​២៧ ធ្នូ នេះ​ថា ពលរដ្ឋ វៀតណាម​ជិត ៨០០​គ្រួសារ ត្រូវបាន​អាជ្ញាធរខេត្ត​កំពង់ឆ្នាំង អនុញ្ញាត​ឲ្យ​បន្ត​ស្នាក់នៅ បណ្ដោះអាសន្ន​នៅលើ​ផ្ទៃ​បឹង​ទន្លេសាប រហូតដល់​ពាក់កណ្ដាល​ឆ្នាំ​២០១៩​។

ការអនុញ្ញាត​នេះ ធ្វើ ឡើង​តែ​សម្រាប់​ពលរដ្ឋ​ដែលមាន​កន្លែង​ចិញ្ចឹម​ត្រី​លើ​បឹង​ទន្លេសាប ប៉ុណ្ណោះ ចំពោះ​អ្នក​ដែល​គ្មាន​កន្លែង ចិញ្ចឹម​ត្រី​ជាង ១.២០០​គ្រួសារ​ទៀត ត្រូវ​អាជ្ញាធរ​បញ្ជូន​ឡើងគោក ឲ្យ​ទៅ​រស់នៅ​កន្លែង​ថ្មី​រួចរាល់​អស់ហើយ​។

​សូមជម្រាបថា ការផ្លាស់​ទី​ជនជាតិ​វៀតណាម អ៊ីស្លាម និង​ខ្មែរ ឡើងមក​នៅលើ​គោក​នេះ ស្ថិតនៅក្នុង​ផែនការ ៥​ឆ្នាំ របស់​ខេត្តកំពង់ឆ្នាំង ចាប់ពី​ឆ្នាំ​២០១៥ ដល់​ឆ្នាំ​២០១៩​។

ជនជាតិ​វៀតណាម​ជាង ២.០០០​គ្រួសារ នេះ ផ្លាស់​ទី​ចេញពី​គោលដៅ​ចំនួន ៦​នៅ​ទូទាំង​ខេត្តកំពង់ឆ្នាំង ដែល​អាជ្ញាធរ​កំពុង​សម្រុក​រៀ​ប​ចំ​រចនាសម្ព័ន្ធ​ថ្មី ដោយ​រួមមាន​៖ ការចាក់ដី​ស្ថាបនា​ថ្នល់ កា​រត​បណ្ដាញទឹក ភ្លើង រួម​នឹង​ការសាងសង់​សាលារៀន និង​មន្ទីរពេទ្យ​ជាដើម ក្រោម​ការសម្របសម្រួល​ពី​សមាគម​វៀតណាម​ប្រចាំ​នៅ​កម្ពុជា​៕