រដ្ឋសភា នឹង​ប្រជុំ​អនុម័ត​លើ​វិសោធនកម្ម​ច្បាប់​ចំនួន​២ នៅ​ថ្ងៃទី​៣ ខែមករា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 January, 2019 ក+ ក-

​ភ្នំពេញ ៖ រដ្ឋសភា នឹង​បើក​កិច្ចប្រជុំ​ពិភាក្សា និង​អនុម័ត សេចក្តីស្នើច្បាប់​វិសោធនកម្ម​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង​សេចក្តីស្នើច្បាប់​ស្តីពី​ការគ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត ស្រុក ខណ្ឌ នៅ​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០១៩ ខាងមុខនេះ​។

ការកំណត់​ថ្ងៃ​ប្រជុំ​រដ្ឋ សភា នេះ គឺ​បន្ទាប់ពី​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា បាន​ប្រជុំ​សម្រេច​នា​ព្រឹក​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៨​។​

​លោក ឈាង វុន សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​រដ្ឋសភា បាន​ថ្លែង​ក្នុង​សន្និសីទកាសែត​បន្ទាប់ ពី​ចប់​កិច្ចប្រជុំ​ថា ច្បាប់​ពីរ​នេះ គឺជា​ការកែទម្រង់​ពី​ការបំពេញបន្ថែម​នូវ​ច្បាប់​ពីមុន​ដែល​យកទៅ​អនុ វត្ត ដែល​នៅមាន​ការខ្វះចន្លោះ​មិនទាន់បាន​គ្រប់​ជ្រុងជ្រោយ​។​

​លោក ឈាង វុន បន្ថែមថា «​នៅមាន​ច្បាប់​មួយចំនួនទៀត ដែល​ត្រូវធ្វើ​វិសោធនកម្ម​ជា​បន្តបន្ទាប់ ពី ព្រោះ​ដើម​អាណត្តិ​នៃ​សភា​នីមួយៗ​អ្នកតំណាងរាស្ត្រ​ត្រូវតែ​មើលថា តើ​អ្វីខ្លះ​ដែលជា​តម្រូវការ​សង្គម ការវិវត្ត​សង្គម ហើយ​ត្រូវធ្វើ​ការកែសម្រួល​ធ្វើ​វិសោធនកម្ម​ទៅតាម​ហ្នឹង​»៕