រដ្ឋបាលខេត្ត​ព្រះវិហារ មមាញឹក​តុបតែង​សោ​ភណ្ឌ​ភាព​ក្នុង​ក្រុង ដើម្បី​អបអរ​ខួប​ទិវា​ជ័យជម្នះ ៧​មករា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 January, 2019 ក+ ក-

​ព្រះវិហារ ៖ ប្រធាន​មន្ទីរ​សាធារណ​ករ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ លោក សំ លាង​ទ្រី បានបញ្ជាក់​អោយដឹងថា នៅ​ថ្ងៃទី​០៣ មករា​២០១៩​នេះ រដ្ឋបាលខេត្ត​ព្រះវិហារ បាន​នឹង កំពុងតែ​មមាញឹក ក្នុងការ​រៀបចំ​តុបតែង កែរ​លំអរ​ទីសាធារណ​: សួនច្បារ ក្នុង​ក្រុង​ព្រះវិហារ ដើម្បី​អបអរសាទរ ខួប​ទី ៤០ ទិវា​ជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩ _៧ មករា​ឆ្នាំ​២០១៩ ។​

លោក​បាន​បញ្ជាក់ទៀតថា ដើម្បី​រំលឹក​ដល់​ព្រឹត្តិការណ៍​ផ្ដួលរំលំ​របប​ប្រល័យពូជសាសន៍​ប៉ុលពត និង​ការ​រស់​ឡើងវិញ​ដ៏​អស្ចារ្យ​របស់​ប្រជាជន​កម្ពុជា​នោះ ទិវា​ជ័យជម្នះ ៧ មករា ត្រូវបាន​ប្រជាជន​យើង​ទូទាំងប្រទេស​ប្រារព្ធ​ឡើងជា​រៀងរាល់ឆ្នាំ ក្នុង​ស្មារតី​ចងចាំ​ជានិច្ច​នូវ​មហា​គុណូបការៈ​នៃ​ជ័យជម្នះ​ជា​ប្រវត្តិសាស្ត្រ​នេះ​។​

“​ថ្ងៃជ័យ​ជំនះ ៧ មករា គឺជា​ថ្ងៃកំណើត​ទី ២​របស់​ប្រជាជន​កម្ពុជា មានជ័យ​ជម្នះ ៧ មករា ទើប​ប្រជាជន​កម្ពុ​ជាមាន​អ្វីៗ​សព្វ​យ៉ាង​នៅថ្ងៃនេះ​” ។ នេះ​ជា​សច្ចធម៌​ប្រវត្តិសាស្ត្រ ដែល​គ្មាន​អ្នកណា​អាច​បំភ្លៃ និង​បំផ្លាញ​បានឡើយ​។​

ដូច្នេះ​យើង​ត្រូវ​រួមគ្នា​ការពារ​អោយបាន​ដាច់ខាត​នូវ​សន្តិភាព សន្តិសុខ និង​ស្ថេរភាព​នយោបាយ យើង​រួមគ្នា​ពង្រឹង​ឯករាជ្យ​ជាតិ ហើយ​ប្ដេជ្ញា​បន្ត​កសាង​ប្រទេសជាតិ​យើង​អោយ​កាន់តែ​រីកចម្រើន​បន្ថែមទៀត​៕ ដោយ ៖ សារ៉េត