​អាជ្ញាធរ​រាជធានី ៖ គ្មាន​ការរុះរើ​ផ្សារ​ដើម​គរ​ទេ តែ​អ្នកលក់​បន្លែ ផ្លែឈើ ត្រូវ​ប្តូរ​ទៅ​លក់​នៅ​តំបន់​បឹង​តា​មោក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 January, 2019 ក+ ក-

​ភ្នំពេញ ៖ អភិបាលរង​រាជធានី​ភ្នំពេញ​លោក នួន ផា​រ័ត្ន បានបញ្ជាក់​នៅថ្ងៃនេះ​ថា សាលា​រាជធានី​ភ្នំពេញ មិនមាន​គម្រោង​វិនិយោគ រឺ​រុះរើ​ផ្សារ​ដើម​គរ​នោះឡើយ ប៉ុន្តែ រាល់​ការលក់​បន្លែ ផ្លែឈើ​ទាំងអស់ ត្រូវ ប្តូរ​ទៅ​លក់​នៅ​តំបន់​បឹង​តា​មោក​ជំ​នូ​ស​វិញ គ្រា​ដែល​ក្រុង នឹង​បង្កើត​ផ្សារ​បន្លែ ផ្លែឈើ​នៅ​ទីបឹង តា​មោក​។ ការបង្កើត​ទីតាំង​លក់​បន្លែ ផ្លែឈើ​បោះ​ដុំ​នៅ​ទីនោះ គឺ​ដើម្បី​ធ្វើ​ការរំដោះ​ការកកស្ទះ ចរាចរណ៍​នៅ​ផ្លូវ​មុនី​រ៉េត និង​ផ្លូវ​ម៉ៅ​សេទុង និង​រក្សា​សោ​ភ័​ណ្ឌ​ភាព​បរិស្ថាន​។

​ការចេញមុខ​មក​បញ្ជា​ក់ថា មិនមាន​ការរុះរើ​ផ្សារ​ដើម​គរ​នាពេលនេះ នៅ​គ្រា​ដែល មាន ការ បំផុស ព័ត៌មាន​ថា សាលា​រាជធានី​ភ្នំពេញ ចង់យក​តំបន់​ផ្សារ​ដើម​គរ​មក​ធ្វើការ​វិនិយោគ ជា​ផ្សារ ទំនើប​។

អភិបាលរង​រាជធានី​ភ្នំពេញ លោក នួន ផា​រ័ត្ន ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ព្រឹក​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០១៩ នៅ​សាលា​រាជធានី​ភ្នំពេញ បាន​ច្រានចោល​ចំពោះ​ព័ត៌មាន​ខាងលើនេះ និង បាន​អះអាងថា អាជ្ញាធរ​គ្មាន​គម្រោង​ក្នុង​រុះរើ​ផ្សារ​ដើម​គរ​នោះឡើយ​។

ប៉ុន្តែ​រាល់​ការលក់ដូរ បន្លែ ផ្លែឈើ​ផ្សេងៗ​នៅតាម​ដងផ្លូវ​នឹងមិន​អនុញ្ញាត​ទៀតឡើយ ដោយ​អាជីវ ករ​ទាំងនោះ​នឹងត្រូវ​បង្វែរ​ឲ្យ ទៅ​លក់ដូរ​នៅ​ទីតាំង​ថ្មី ក្នុង​តំបន់​បឹង​តា​មោក​ជំនួស​វិញ​។ កាលពី​ថ្ងៃទី​០២ សីហា​កន្លងទៅ រាជ​រដ្ឋា ភិ​បាល​បានចេញ ស​.​ជ​.​ណ បង្កើត​ផ្សារ​លក់​បន្លែ ផ្លែឈើ បោះ​ដុំ​លើ​ផ្ទៃដី​២០​ហិកតា បឹង​តា​មោក ដើម្បី​សម្រួល​ការកកស្ទះ​នៅ​ជុំវិញ​ផ្សារ​ដើម​គរ​។

លោក​អភិបាលរង បញ្ជាក់ទៀតថា អ្វីដែល​អាជ្ញា ធរ កំពុង​ធ្វើ ឬ អ្វីដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ កំពុងធ្វើការ​ស្នើសុំ​ទៅ​រាជរដ្ឋាភិបាល ដើម្បី​រៀប ចំ ការសាងសង់​ផ្សារ​មួយ នៅ​បឹង​តា​មោក ដែលជា​ផ្សារ​លក់​បោះ​ដុំ បន្លែ ផ្លែឈើ និង​ជា​ចំណត រថយន្ត​។

មូលហេតុ​ដែល​យើង​ត្រូវ​រៀបចំ ដោយសារ​យើង​មាន​តម្រូវ​ការចាំបាច់ មួយចំនួន​នៅក្នុង ក្របខណ្ឌ​រាជធានី​ភ្នំពេញ ត្រូវមាន​ទីតាំង​មួយ​សមស្រប សម្រាប់​ការបោះ​ដុំ បន្លែ និង​ផ្លែឈើ គ្រប់ ប្រភេទ សម្រាប់​ផ្គត់ផ្គង់ ប្រជាពលរដ្ឋ នៅក្នុង​រាជធានី​ភ្នំពេញ ក៏ដូចជា​រៀបចំ ធ្វើជា​ចំណត់​សមស្រប ។

​លោក នួន ផា​រ័ត្ន បាន​ឲ្យ​ដឹង​ទៀតថា កន្លងមកនេះ ដោយសារតែ​យើង មិនទាន់មាន​ទីតាំង ធ្វើ​អា​ជី វ កម្ម បោះ​ដុំ បន្លែ និង​ផ្លែឈើ​នេះ គឺ​បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួន បានធ្វើ​ការលក់​បោះ​ដុំ បន្លែ​ផ្លែ ឈើ ទៅតាម​ដងផ្លូវ និង​ប្រើប្រាស់​ទ្រូងផ្លូវ និង​ច​ញ្ចើ​ម​ផ្លូវ សាធារណៈ ដែល​បង្ក​ឲ្យ​មានការ​កក ស្ទះ ចរាចរ និង​បង្ក​ជា​បញ្ហា​បរិស្ថាន អនាម័យ និង​បញ្ហា​ផ្សេងៗ​ទៀត ផងដែរ​” ។

ការរៀបចំ​បង្កើត ផ្សារ លក់​បន្លែ ផ្លែឈើ បោះ​ដុំ នៅលើ​ផ្ទៃដី​២០​ហិកតា នៅ​បឹង​តា​មោក​នេះ ដើម្បី​ឲ្យ​អាជីវករ ដែល​មិន មាន ទីតាំង​ត្រឹមត្រូវ ប្រកប​អាជីវកម្ម​របស់ខ្លួន ឲ្យ​មាន​របៀបរៀបរយ ដោយឡែក សម្រាប់​អាជីវករ លក់ដូរ នៅក្នុង​ផ្សារ អាចធ្វើ​ការបន្ត​អាជីវកម្ម​របស់ខ្លួន​ជាធម្មតា ដោយ​កុំ​មានការ​ព្រួយបារម្ភ ចំពោះ មតិ លើកឡើង​ណាមួយ ដែល​ផ្ទុយ​ពី​គម្រោង​អភិវឌ្ឍន៍​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​។

ពិសេស​ទៅ ទៀត​នោះ ការបង្កើត​ផ្សារ​នៅ​ទីតាំង​ថ្មី​ម្តុំ​បឹង​តា​មោក គឺ​ដើម្បី​អាជ្ញាធរ​អាចធ្វើ​ការរៀប​ចំ នៅតាម​ដង ផ្លូវ​មុនី​រ៉េត និង​ផ្លូវ​ជុំវិញ និង​ទ្រូងផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ​ឲ្យ​មាន សណ្តាប់ធ្នាប់ របៀបរៀបរយ​បានល្អ ជាពិសេស​សម្រួល​ចរាចរណ៍ ក៏ដូចជា​ធានាបាន នូវ​បរិស្ថាន និង​អនាម័យ​តាមផ្លូវ សាធារណៈ​បាន ស្អាត​ល្អ​ផងដែរ​៕