តុលាការ​បង្គាប់​ឲ្យ​ឃុំខ្លួន​ថៅកែ​ហាង​កែ​សម្ផស្ស «​ឌែ​ម៉ូ​គ្លីនិក​» និង​គ្រូពេទ្យ​វះកាត់​ម្នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 January, 2019 ក+ ក-

ភ្នំពេញ ៖ អ្នកស្រី ហូ​វ ដា​ណេ ថៅកែ​ហាង​កែ​សម្ផស្ស «​ឌែ​ម៉ូ​គ្លីនិក​» និង​ស្ត្រី​ម្នាក់ទៀត ដែលជា​គ្រូពេទ្យ​ផ្នែក​​វះកាត់​កែសម្ភស្ស ​ប្រចាំ​គ្លីនិក​ដែលមាន​ទីតាំង​ក្នុង​សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ត្រូវបាន​ចៅក្រម​ស៊ើបសួរសាលាដំបូង​រាជធានី ភ្នំពេញ លោក ម៉ុង មុនី​សោភា ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​អ្នក​ទាំង​២ ដាក់ពន្ធនាគារ​ជា​បណ្តោះ អាសន្ន នា​រសៀល​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០១៩ ​នេះ​។  នេះ​បើតាម​បញ្ជាក់​ឲ្យ​ដឹង​ពី លោក តាំង ស៊ុន​ឡាយ ប្រធាន​សាលា ដំបូង​រាជធានី​ភ្នំពេញ ។

​បើតាម​មន្ដ្រីជាន់ខ្ពស់​ប្រចាំ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា ថៅកែ​ហាង​កែ​សម្ផស្ស «​ឌែ​ម៉ូ​គ្លីនិក​» និង​គ្រូពេទ្យ​ខាងលើនេះ ត្រូវ​បញ្ជូនទៅ​ពន្ធនាគារ PJ នា​រសៀល​ថ្ងៃទី​៥ ខែមករា ឆ្នាំ ២០១៩ នេះ​តែម្ដង​។​
​សូមជម្រាបថា ស្ត្រី​ថៅកែ​ហាង​កែ​សម្ផស្ស​«​ឌែ​ម៉ូ​គ្លីនិក​»​អ្នកស្រី ហូ​វ ដា​ណេ និង​ស្ត្រី​ម្នាក់ទៀត​ឈ្មោះ ពៅ ស៊ី​ណាត ដែលជា​គ្រូពេទ្យ​ផ្នែក​វះកាត់​ប្រដាប់ភេទ ប្រចាំ​គ្លីនិក នៅ​រសៀល​ថ្ងៃទី​៤ ខែមករា ឆ្នាំ ២០១៩ ត្រូវ បាន ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សឿន មុនី​រ័ត្ន សម្រេច ចោទប្រកាន់​ពីបទ «​គំរាមកំហែង​ហែកកេរ្តិ៍ បទ​កំហែង​យក និង​បទ​ប៉ះពាល់​សិទ្ធិ​ខាង​រូបភាព នៃ បុគ្គល​» រួច​បញ្ជូន សំណុំ​រឿងនេះ ទៅ​ចៅក្រម​ស៊ើបសួរ ចាត់ការ​បន្ត​តាម​នីតិវិធី​។​

​បើតាម​របាយការណ៍ បាន​ឲ្យ​ដឹងថា ថៅកែ​ហាង​កែ​សម្ផស្ស «​ឌែ​ម៉ូ​គ្លីនិក​» ឈ្មោះ ហូ​វ ដា​ណេ ជា ស្ត្រី​មេម៉ាយ​កូន​២ ទើបតែ​ចូល​រោងការ​ជាថ្មី ជាមួយ​សេដ្ឋី​ថៃ វ័យក្មេង​ម្នាក់​ឈ្មោះ Thammarat Thurathong នៅក្នុង​វីឡា​ដ៍​ស្កឹមស្កៃ​មួយ ស្ថិតនៅក្នុង​បុរី វិមាន​ភ្នំពេញ កាលពី​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៨​។

​គួររំលឹកថា កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នៅ​រសៀល​ថ្ងៃទី​០២ ខែមករា ឆ្នាំ​២០១៩ បាន ចុះ​ឃាត់ខ្លួន​កូនប្រសារ​សេដ្ឋី​ថៃ ម្ចាស់​ហាង​កែ​សម្ផស្ស «​ឌែ​ម៉ូ​គ្លីនិក​» ដែល​ទើប​រៀបការ​បាន​ពីរ​ថ្ងៃ ពោល​នៅ​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៨ ក្រោយ​មាន​បណ្ដឹង​រឿង​ជំរិត​ទារប្រាក់​ពី​អតិថិជន ដែល​បាន ចូលទៅ​ទទួល​សេវា​កែ​សម្ផស្ស​។ ការដាក់​ពាក្យបណ្ដឹង​នេះ​បន្ទាប់ពី​ជនរងគ្រោះ បាន​ចូលទៅ​កែ សម្ផស្ស​នៅក្នុង​គ្លីនិក​ខាងលើ ហើយ​ត្រូវបាន​ម្ចាស់​គ្លីនិក​រៀបចំ​បង្កប់​កាមេរ៉ា ថត​សកម្មភាព​កែ សម្ផស្ស ដែល​ក្នុងនោះ​រួមមាន ទាំង​ការកែរ​កេរ​ភេទ​ផងដែរ​៕