ប៉េអឹមចាប់​រថយន្ត​ដឹកឈើ​ពីរ​គ្រឿង និងមនុស្ស​៤​នាក់​ក្នុង​តំបន់​គ្រប់គ្រង​ដោយ​មេព្រៃ​ក្រវ៉ា​ញ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 January, 2019 ក+ ក-

​ខេត្តពោធិ៍សាត់ ៖ ជនសង្ស័យ​ចំនួន​០៤​នាក់ ព្រមទាំង​រថយន្ត​ចំនួន​២​គ្រឿង ត្រូវបាន​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ភ្នំក្រវាញ ដែល​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី ចាន់ សុខា មេបញ្ជាការរង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ចាន់ សុខឿន ស្នងការរង ស្នងការដ្ឋាន​បច្ចេក ទេស​សន្តិសុខ​កងរាជអាវុធហត្ថ ចុះបង្ក្រាប​បន្ទាប់ពី​រក​ឃើញថា ដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ​គ្មាន​លិខិតអនុញ្ញាត​។​

​សូម​ជំរាប​ដែរ​ថា ការចុះ​ប្រតិបត្តិ​ការបង្ក្រាប​នេះ​បាន​ធ្វើឡើង​កាលពី​វេលា​ម៉ោង​១៧ ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ​នៅ​ចំណុច​ភូមិ​ក្សេត្រ​បុរី ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍ សាត់​ដោយ​ឃាត់​បាន​រថយន្ត​ម៉ាក​រ៉េវ​ចំនួន​០២​គ្រឿង ដឹកឈើ​ប្រភេទ​(​រាជ​កុល​)​ចំនួន​១១​កំណាត់ និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៤​នាក់​ផងដែរ​។​

​បច្ចុប្បន្ន​ជនសង្ស័យ រួម​និង​និង​វត្ថុតាង ត្រូវបាន​ប្រគល់​ឲ្យ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​ភ្នំក្រវាញ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕