ប៉ូលិស​សេដ្ឋកិច្ច​ខេត្តក្រចេះ ចាប់​រថយន្ដ​សាំង​យ៉ុង​ដឹកឈើ​៣​គ្រឿង ប្រគល់ជូន​រដ្ឋបាល​ព្រៃឈើ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 January, 2019 ក+ ក-

ខេត្តក្រចេះ​៖ ចាប់​រថយន្ដ​សាំង​យ៉ុង​ដឹកឈើ​ចំនួន​៣​គ្រឿង ដែល​ប៉ុនប៉ង​ដឹកចេញទៅ​ប្រទេស​វៀតណាម ត្រូវបាន​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តក្រចេះ ចាប់​ប្រគល់​រដ្ឋបាល​ព្រៃឈើ​ចាត់ការ​តាមផ្លូវ​ច្បាប់​។

​ករណី​ចាប់​ឃាត់​រថយន្ត​ដឹកឈើ​នេះ ធ្វើឡើង​នៅ​យប់​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០១៩ ដោយ​រថយន្ដ​ចំនួន​២​គ្រឿង ឃាត់​នៅ​ចំណុច ឃុំ​បុស​លាវ និង​១​គ្រឿង​ទៀត ឃាត់​នៅ​ឃុំ​ដា ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​។​

​មន្ត្រីសង្កាត់​រដ្ឋបាល​ព្រៃឈើ​កន្ទួត បាន​ឲ្យ​ដឹងថា រថយន្ដ​២​គ្រឿង​នគរបាល​សេដ្ឋកិច្ច​ជា​អ្នក​ឃាត់​ប្រគល់ជូន​ជំនាញ​រដ្ឋបាល​ព្រៃឈើ និង​១​គ្រឿង​ទៀត​នគរបាល​សេដ្ឋកិច្ច​សហការ​ជាមួយ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​បង្ក្រាបបាន​។ រថយន្ដ​ទាំងនោះ ដឹក​ទ្វារ​បង្អួច ដឹកឈើ​កកោះ ឈើ​ធ្នង់​ជាច្រើន​សន្លឹក និង​១​គ្រឿង​ទៀត​ដឹកឈើ​ឈ្លីក​។​

​មន្ត្រីរដ្ឋបាល​ព្រៃឈើ​រូបនោះ​បន្ដទៀតថា បច្ចុប្បន្ន​រថយន្ដ​ទាំង​៣​គ្រឿង​នោះ ត្រូវបាន​កម្លាំង​រដ្ឋបាល​ព្រៃឈើ​នាំយកទៅ​រក្សាទុក​នៅ​ស្ថានីយ​បណ្ដុះ​កូនឈើ​ខ្សា ដើម្បី​ចាត់ការ​តាមច្បាប់​របស់​រដ្ឋបាល​ព្រៃឈើ​៕