ករណី​ឧកញ៉ា​ថៃ វាយ​នារី​បំរើ​ខា​រា​អូ​ខេ​នៅ​ក្រុង​កំពង់ចាម បានបញ្ចប់​ត្រឹម​ពាក្យ​សុំទោស​(Video)
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 January, 2019 ក+ ក-

​ខេត្តកំពង់ចាម ៖ លោក​ឧកញ៉ា វ៉ន ប៊ុន​ថៃ នៅ​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០១៩ នេះ ត្រូវបាន​ប៉ូលិស​ក្រុង កំពង់ចាម ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ ក្នុងករណី​ដែល​លោក​បាន​ប្រើ​អាកប្បកិរិយា​អសីលធម៌ និង​វាយ​លើ​នារី​ខារ៉ាអូខេ​យីហោ​«​វីឡា​» ខណៈ​លោក​ចូល​កម្សាន្ត​នៅ​ទីនោះ​។​

​មន្ត្រី​មូលដ្ឋាន បាន​ប្រាប់​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​២០ ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០១៩ គេ​ឃើញ​លោក ឧ​ញ៉ា និង​អ្នក​ហែហម​មួយចំនួន បាន​ចូល​ច្រៀង​កម្សាន្ត​ក្នុង​ក្លឹប​យីហោ​«​វីឡា​» ស្ថិតនៅក្នុង​សង្កាត់ វាលវង់ ក្រុង​កំពង់ចាម យ៉ាង​សប្បាយរីករាយ​។​

​នារី​បម្រើ​ក្នុង​ក្លឹប​ខារ៉ាអូខេ បាន​លើកឡើងថា មួយសន្ទុះ​ក្រោយមក​ឥទ្ធិពល​ដុល្លារ និង​អំណាច​ស្រា​ថ្លៃ ៗ បានធ្វើអោយ​ដៃ​ឧកញ៉ា​ម្នាក់​រស់​រវើក​ដូច​ដៃ​មឹក ចាប់ផ្តើម​លូកលាន់ បេះបោច បង្ក​ភាព​ខ្លោចផ្សា និង​អាម៉ាស់​ដល់​នារីៗ​បំរើ​នៅផ្ទះ​សំណាក់ និង​ក្នុង​បន្ទប់​ច្រៀង​ខា​រា​អូ​ខេ ធ្វើ​ឲ្យ​នារី​មួយចំនួន នាំគ្នា រត់ចេញ​ក្រៅ​អស់ ។​
​ឧកញ៉ា​ដែល​បង្ក​ភាពចលាចល​ខាងលើ មានឈ្មោះ វ៉ន ប៊ុន​ន​ថៃ ហៅ ឧកញ៉ា ថៃ ជា​អតីត​អ្នករកស៊ី​ជួញដូរ​ឈើ​ដ៏​ធំ​នៅ​ភូមិភាគ​បូព៌ា មាន​លំនៅដ្ឋាន​នៅ​ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ​។ ចំណែក​នារី​រងគ្រោះ​ឈ្មោះ ច .​ហ​. ជា​នារី​បំរើ​ខា​រា​អូ​ខេ​ក្នុង​បន្ទប់​លេខ ៦៦៦៦ ផ្ទះសំណាក់​វីឡា ក្រុង​កំពង់ចាម​។ ប្រភព​ពត៌មាន​នៅ​កន្លែងកើតហេតុ បានអោយដឹងថា មុនពេល​កើតហេតុ លោក​ឧកញ៉ា វ៉ន ប៊ុន​ថៃ បាន​ចូល​កំសាន្ត​ច្រៀង​ខា​រា​អូ​ខេ ផ្ទះសំណាក់ វីឡា ក្នុង​បន្ទប់​លេខ ៦៦៦៦​។

​ប្រភព​ដដែល​នេះ​បាន​បន្តថា ក្រោយពី​សុរា​ប្តូរ​និ​ស្ស​យ័​ចូលក្នុង​ពោះ​ជាច្រើន​រួចមក បាន​ប្តូរ​និ​ស្ស​យ័​លោក​ឧកញ៉ា ​ដោយ​ដៃ​ដ៏​សុភាព​របស់​ឧកញ៉ាថៃ ​ប្រែក្លាយជា​រស់​រវើកប្រៀបដូចជា​ដៃ​មឹក រួច​ក៏​លូកលាន់​បេះបោច ច្របាច់​ខ្ញាំ​បង្ក​ឲ្យ​មានការ​ភាពឈឺចាប់​ដល់​នារី​រងគ្រោះ ធ្វើអោយ​នាង​ទ្រាំ​មិនបាន​រត់ចេញ​ពី​បន្ទប់​ខា​រា​អូ​ខេ លែង​ចង់បាន​លុយ​ធីប តទៅទៀត​។ បន្ទាប់មក ឧកញ៉ា​ថៃ បាន​ហៅ​នារី​ម្នាក់ទៀត​ឲ្យ​មក​បម្រើ រួច​ក៏​ខោក​ក្បាល​លេង​ជា​ល្បែ​ក ធ្វើអោយ​នារី​រងគ្រោះ ទី​២​ទ្រាំ​មិនបាន​បង្ហូរទឹកភ្នែករ​ត់​មក​ខាងក្រៅ​។

ក្រោយពី​មាន​ភាពចលាចល លើ​នារី​ខា​រា​អូ​ខេ​មិនបាន​ប៉ុន្មាន​នាទី​ផង គេ​ឃើញ​នគរបាល និង​កងរាជអាវុធហត្ថ​ខេត្តកំពង់ចាម បាន​ទៅដល់​កន្លែងកើតហេតុ ហើយ​នាំខ្លួន​លោក​ឧកញ៉ា ថៃ មក​ស្នងការដ្ឋាន​នគ​របាល​ខេត្តកំពង់ចាម ដើម្បី​ធ្វើការ​សាកសួរ និង​បំពេញ​សំណុំបែបបទ​តាម​នីតិវិធី​។

មន្ត្រីប៉ូលិស​បានអោយដឹង​ថា នៅ​ព្រឹក​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០១៩ សមត្ថកិច្ច​ជំនាញកា​រិ​យា​ល​យ័​នគរបាល​ព្រហ្ម​ទ​ណ្ឌ័​កំរិត​ស្រាល​ខេត្តកំពង់ចាម បាន​អញ្ជើញ​ម្ចាស់ផ្ទះ​សំណាក់​«​វីឡា​»​មក​បំភ្លឺ និង​ភាគី​សងខាង​មក​សាកសួរ​។ មន្ត្រីប៉ូលិស​ដដែល​បានអោយដឹងថា ដំណោះស្រាយ​ចុងក្រោយ​គឺ​ភាគី​រងគ្រោះ​មិន​ធ្វើការ​ប្តឹងផ្តល់​អ្វី​ឡើយ គឺ​ភាគី​នារី​រងគ្រោះ​អោយឧកញ៉ា​ ប៊ុន​ថៃ សុំទោស ហើយ​សមត្ថកិច្ច​ក៏បាន​ដោះលែង​លោក​ឧកញ៉ា​ថៃ មាន​សេរីភាព​ អោយ​ត្រឡប់​ទៅ​គេហដ្ឋាន​របស់លោក​វិញ​។

មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​ដែល​ដឹង​ហេតុការណ៍​ដ៏​អាក្រក់​នេះ បាន​ផ្ទុះ​កំហឹង​ស្ទើរ​គ្រប់គ្នា​ចំពោះ​ទង្វើ​អសីលធម៌ របស់​ឧកញ៉ា ថៃ ដែល​មើលងាយ​ជាន់ឈ្លី​លើ​កិ​ត្ត​យស​របស់​នារី​ដែលនៅទីនោះ នាងមាននាទីត្រឹមជាអ្នក បម្រើឲ្យបុរសៗចូលច្រៀងកម្សាន្តប៉ុណ្ណោះ។

​ភាគី​ខាង​លោក​ឧកញ៉ា វ៉ន ប៊ុន​ថៃ នៅ​ព្រឹក​ថ្ងៃទី​៧ ខែមករា នេះ មេគង្គ​ប៉ុស្តិ៍ មិនអាច​ទាក់ទង​សុំ​ការពន្យល់​បានឡើយ​។​

​យ៉ាងណាក៏ដោយ ការ​ពន្លត់​ហេតុការណ៍​អសីលធម៌​របស់​អ្នកមាន​គោរមងារ​ជា​ឧ​ញ៉ា លើ​នារី​ភេទ​ក្នុង​បន្ទប់​ខារ៉ាអូខេ ត្រឹម​ពាក្យ​«​សុំទោស​» ដូចជា​មិន​សម​ទំនង​សោះ អាចមាន​អ្វី​នៅ​ពី​ក្រោយខ្នង​ក្នុង​រឿងនេះ​ទេ​ដឹង ? ព្រោះ​ពាក្យចាស់​ពោលថា ពងមាន់​ទៅ​ជល់​ដុំថ្ម​មិនអាច​ទៅរួច​ទេ ឬក៏​អាចមាន​សម្ពាធ​ណាមួយ​ដែល​ធ្វើ​នារី​រងគ្រោះ ខាំមាត់សង្កត់ចិត្ត​សំងំស្ងៀម ដើម្បី​សុវត្ថិភាព​ផ្ទាល់ខ្លួន​នៅ​ថ្ងៃក្រោយ​? ៕