កក្រើក​ទៀតហើយ សិប្បកម្ម​កែច្នៃ​ឈើ​ខុសច្បាប់​នៅ​ស្រុក​ថា​ឡា​បរិ​វាត់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 January, 2019 ក+ ក-

​ស្ទឹងត្រែង ៖ សិប្បកម្ម​កែច្នៃ​ឈើ​ខុសច្បាប់​នៅ​ស្រុក​ថា​ឡា​បរិ​វាត់ ដែល​គេ​ដឹងថា គ្មាន​ច្បាប់​អនុញ្ញាត បាន និង​កំពុង​រីក​ដូច​ផ្សិត​ឡើងវិញ​នៅ​ចំណុច​ភូមិ​ស្រឡៅ ភូមិ​វាល​ដិញ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង ។​

​តាម​ប្រភព​បានបញ្ជាក់​ឱ្យដឹងថា ការធ្វើ​សិប្បកម្ម​ទាំងនោះ ពុំមាន​ច្បាប់​អនុញ្ញាត​អ្វី​នោះទេ គឺ​ធ្វើ​តៗ​គ្នា​ជំនាញ​នៅ​ទីនោះ​ពុំមាន​ការបង្ក្រាប ឬក៏​ទប់ស្កាត់​ម្ដងណា​ឡើយ សង្ស័យ​មន្ត្រី​ជំនាញ និង​ងា​ជ្ញា​ធរ​ដែនដី បានទទួល​សំណែន​ពី​ក្រុម​ឈ្មួញ​ធ្វើ​សិប្បកម្ម​កែច្នៃ​ទាំងនោះ​ហើយ​មើលទៅ បានជា​បណ្តែតបណ្តោយ​ឲ្យ​ធ្វើ​សិប្បកម្ម​យ៉ាង​អនាធិបតេយ្យ​បែបនេះ​។​

តាម​ប្រភព​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា ក្រុម​ដែល​ធ្វើ​សិប្បកម្ម​យ៉ាង​អនាធិបតេយ្យ​ទាំងនោះ សុទ្ធសឹងតែ​អ្នក​មកពី​ចម្ងាយ​ពុំមែន​អ្នក​នៅ​ភូមិ​ស្រុក​នៅ​កន្លែង​នឹង​ទេ គឺ​បាននាំគ្នា​មក​ធ្វើ​យ៉ាង​កក្រើក ដោយ​ពុំមាន​ច្បាប់​អនុញ្ញាត​ពី​ខេត្ត ឬ​ចេញពី​ក្រសួង​ជំនាញ​នោះឡើយ ចុះ​ហេតុអ្វី​ពួកគេ​ហ៊ាន​ប្រព្រឹត្ត​ជា​រៀងរាល់ថ្ងៃ​ដោយ​ពុំ​ខ្លាច​ការបង្ក្រាប​ទប់ស្កាត់​បន្តិច​សោះ​បែបនេះ​? តើ​ឯកឧត្ដម​នៃ​គណៈ​អភិបាលខេត្ត​ស្ទឹងត្រែង​តើ​លោក​មាន​បានដឹង​ដែរឬទេ​ថា កូនចៅ​ក្រោម​ឱវាទ​របស់លោក​កំពុងតែ​នាំគ្នា​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​រលូន​។

​ប្រភព​បាន​ប្រាប់​បន្តទៀតថា ជាធម្មតា សិប្បកម្ម​ទាំងនោះ លួច​ទិញ​ឈើ​ខុសច្បាប់​ពី​ក្រុម​ពួក​គោយន្ត​នៅពេល​យប់ ដែល​លួច​កាប់​អារ​ពី​ព្រៃ​អភិរក្ស​យកមក​លក់​ចែកចាយ​តាម​បណ្ដារ​សិប្បកម្ម​នៅ​ម្ដុំ ភូមិ​ស្រឡៅ នៅ​ភូមិ​វាល​ដេញ ។​

​ប្រជាពលរដ្ឋ​បាន​ចោទប្រកាន់​ទៅលើ​មន្ត្រី​ជំនាញ​ព្រៃឈើ និង​អាជ្ញាធរ​ក្នុង​មូលដ្ឋាន​នៅ​ភូមិ​ស្រឡៅ និង​ភូមិ​វាល​ដិញ ថា បាន​សំណែន​សែន​ពី​ក្រុម​សិប្បកម្ម​ខុសច្បាប់ ជា​ថ្នូរ​នឹង​ករ​មិន​ចាត់ វិធានការ​បង្ក្រាប​៕