ឆេះ​កាស៊ីណូ​របស់លោក កុក អាន នៅ​ប៉ោយប៉ែត សន្លប់​មនុស្ស​ពីរ​នាក់​(Video)
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 January, 2019 ក+ ក-

បន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍​ពី​ភ្នាក់ងារ​ប្រចាំខេត្ត​បន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា នៅ​យប់​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០១៩ វេលា​ម៉ោង ១០៖១០​នាទី​នេះ មាន​អគ្គិភ័យ​បាន​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ នៅក្នុង​កាស៊ីណូ ហ្គោល​ឌិន កម្ពស់​១៨​ជាន់ របស់លោក​ឧកញ៉ា កុក អាន ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​ក្បាលស្ពាន សង្កាត់ – ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។ ជិត​មួយ​ម៉ោង​ក្រោយមក ទើប​រលត់ទៅវិញ បន្ទាប់​ក្រុម​ពន្លត់​អគ្គិភ័យ​បាន​បាញ់​ទឹក​អស់​ជាច្រើន​រថយន្ត​។ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹងថា អគ្គិភ័យ​នេះ ក៏បាន​បង្ក​ផលប៉ះពាល់​ដល់​បុគ្គលិក​ធ្វើការ​នៅ​ទីនោះ​ប្រមាណ​ជាង​១​ពាន់​នាក់ ផងដែរ តែ​គ្មាន​អ្នករងគ្រោះថ្នាក់​ដល់​អាយុជីវិត​នោះទេ​។​

​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ក្រោយ ពេល​ហេតុការណ៍​កើតឡើង កងកម្លាំង​ស្នងការ​នគរបាល​ខេត្ត រួមជាមួយ​រថយន្ត​ពន្លត់អគ្គីភ័យ និង​កងកម្លាំង​កង​រាជ​អា​វុ​ហត្ថ បាន​សហការ​អន្តរាគ​ម៍​ទាន់ពេលវេលា និង​បាន​សង្គ្រោះ​មនុស្ស​ចេញ​ដោយ​សុវត្ថិភាព ដោយមាន​អ្នករងរបួស​សន្លប់​ដោយ​ឈ្លក់ផ្សែង​ចំនួន​២​នាក់ និង​អ្នកមាន​អកា​រៈ​ឈ្លក់ផ្សែង​មួយចំនួនទៀត ត្រូវបាន​បញ្ជូន​ទៅកាន់​កន្លែង​សង្គ្រោះ នៅឯ​មន្ទីរពេទ្យក្រុង​ប៉ោយប៉ែត និង​គ្លីនិក​នានា បាន​ទាន់ពេលវេលា​ផងដែរ​។ ហើយ​កងកម្លាំង​គ្រប់គ្រង​ស្ថានការណ៍​បាន​ទាំងស្រុង​នៅ​ម៉ោង ១១​ជាង​យប់​ថ្ងៃ​ដដែល ។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ការឆេះ​អាគារ​កាស៊ីណូ ១៨​ជាន់ នៅ​ក្រុង​ប៉ោយប៉ែត ពុំមាន​អ្នកស្លាប់​នោះទេ គឺ​គ្រាន់​តែមាន​អ្នករបួស​ស្រាល និង​ខ្លះទៀត​សន្លប់​ដោយ​ឈ្លក់ផ្សែង ប៉ុណ្ណោះ ព្រោះ​អ្នក​នៅក្នុង​អាគារ​ឆេះ​នេះ​មាន​ចំនួន ២​នាក់​ប៉ុណ្ណោះ​។​

​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា ករណីនេះ ទំនងជា​បណ្តាលមកពី​ឆ្លង​ចរន្តអគ្គិសនី តែ​ពិតប្រាកដ​យ៉ាងណា​នោះ សមត្ថកិច្ច​ប្រាប់ថា នឹង​ជូនដំណឹង​ជាថ្មី​នៅ​ថ្ងៃទី​៩ ខែមករា នេះ​៕ ដោយ ៖ ជ​.​ជ​.