រដ្ឋបាល​ក្រុងប៉ារីស ប្រកាស​ប្រើ​ធម៌​ក្តៅ​លើ​បាតុកម្ម​ដែល​គ្មាន​ច្បាប់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 January, 2019 ក+ ក-

​ប៉ារីស ៖ លោក អេ​ឌូ​អាត ហ្វី​លី​ព នាយករដ្ឋមន្ត្រី​បារាំង ( Edouard Philippe) បានប្រកាស​ផែនការ​បង្ក្រាប ក៏ដូចជា​ដាក់ទោស​ទណ្ឌ​យ៉ាងធ្ងន់ធ្ងរ ដល់​ក្រុមបាតុករ​ទាំងឡាយណា ដែល​ធ្វើបាតុកម្ម​តវ៉ា​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត បន្ទាប់ពី​ចលនា​តវ៉ា​ប្រឆាំងនឹង​រដ្ឋាភិបាល​អស់រ​យៈ​ពេល​៧​សប្តាហ៍​។ នេះ​បើតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន BBC នៅ​ថ្ងៃ​អង្គារ ទី​០៨ ខែមករា ឆ្នាំ​២០១៩​នេះ​។​

​លោក Edouard Philippe ធ្វើការ​ព្រមាន​បែបនេះ​នៅក្នុង​បទសម្ភាសន៍​ជាមួយ​ស្ថានីយទូរទស្សន៍​បារាំង TF1 នៅ​ថ្ងៃ​ចន្ទ​សប្ដាហ៍​នេះ​។ ថ្លែង​នាឱកាស​នោះ នាយករដ្ឋមន្ត្រី​បារាំង​រូបនេះ​បាន​គូសបញ្ជាក់ថា​សមាជិក​ក​ង​កម្លាំង​សន្តិសុខ​៨​ម៉ឺន​នាក់​នឹងត្រូវ​បានដាក់​ពង្រា​យស​ម្រា​ប់រ​លក​នៃ​ការធ្វើ​បាតុកម្ម​បន្ទាប់​ទៀត​ដែល​គេ​រំពឹង​កើតឡើង​ជាថ្មី​នៅ​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​នេះ បើទោះជា​រដ្ឋាភិបាល​បារាំង​បាន​លុបចោល​គម្រោង​ដំឡើង​ពន្ធ​លើ​ឥន្ធនៈ តាម​ការចង់បាន​រប​ស់​ក្រុមបាតុករ​ក៏ដោយ​។​

​លោក​ថ្លែង​ដូច្នេះ​ថា «​អាជ្ញាធរ​បារាំង​នឹង​ចាត់វិធានការ​ថ្មីៗ​នានា ក្នុងនោះ​រួមមាន​ទាំង​ការដាក់ទោសទណ្ឌ​យ៉ាងធ្ងន់ធ្ងរ និង​ប្រើ​កម្លាំងបាយ​ដើម្បី​បង្ក្រាប​អ្នក​ទាំងឡាយណា​ដែល​ចូលរួម​នៅក្នុង​បាតុកម្ម​ដ៏​ហិង្សា ឬ​គ្មាន​ច្បាប់​អនុញ្ញាត​»​។ ប៉ុន្តែ​ទន្ទឹមគ្នា លោក Philippe ក៏បាន​អះអាង​ដែរ​ថា អាជ្ញាធរ​បារាំង​នឹង​នៅតែ​រក្សា​ការពារ​សេរីភាព​បញ្ចេញមតិ ហើយ​ថា អ្នក​ដែល​ធ្វើការ​តវ៉ា​ដោយ​សន្តិវិធី​នឹងមិន​ត្រូវបាន​ដាក់ទោស​ដោយ​ច្បាប់​ឡើយ​។​
​គួរ​បញ្ជាក់ថា គិត​ចាប់តាំងពី​បាតុកម្ម​ប្រឆាំងនឹង​សាំង​ឡើងថ្លៃ​របស់​ក្រុមបាតុករ​អាវកាក់​ពណ៌​លឿង ផ្ទុះឡើង​កាលពី​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៨​មក និង​បាន​បណ្តាល​ឲ្យ​មនុស្ស​០៦​នាក់​បាត់​បង់ជីវិត និង​១,៤០០​នាក់​របួស​៕