​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បង្កើត​ក្រុមការងារ​សិក្សា​ការបើក​ច្រកព្រំដែន​តាម​កិច្ចព្រមព្រៀង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 January, 2019 ក+ ក-

​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានសម្រេច​បង្កើត​ក្រុមការងារ​ដើម្បី​សិក្សា និង​ពិភាក្សា​ជំរុញ​កិច្ចដំណើរការ បើក​ច្រកទ្វារព្រំដែន ដែល​បាន​ព្រមព្រៀង​រវាង​កម្ពុជា និង​បណ្តា​ប្រទេស​ជាប់​ព្រំដែន ដែលមាន​សមាសភាព សមាជិក​ចំនួន​១០​នាក់ ។

​យោងតាម​សេចក្តីសម្រេច ចុះ​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០១៩ ដោយ​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​បញ្ជាក់ថា ក្រុមការងារ​នេះ មាន​ភារកិច្ច​ស្រាវជ្រាវ​លិខិតបទដ្ឋាន​គតិយុត្ត និង​ឯកសារ​ពាក់ព័ន្ធ ស្តីពី​ការសម្រេច​បើក​ច្រកទ្វារព្រំដែន ដែល​បាន​ព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​បណ្តា​ប្រទេស​ជាប់​ព្រំដែន ។ ក្រុមការងារ​នេះ ត្រូវមាន​ភារកិច្ច​ពិភាក្សា​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អំពី​កិច្ចដំណើរការ​ក្នុង​ការបើក​ច្រកទ្វារព្រំដែន ដែល​បានសម្រេច ផងដែរ​។​

​ក្រុមការងារ​នេះ ក៏ត្រូវ​សម្របសម្រួល​ពិភាក្សា និង​ចរចា​ជាមួយ​ភាគី​បណ្តា​ប្រទេស​ជាប់​ព្រំដែន​ជាមួយ​កម្ពុជា ដើម្បី​ជំរុញ​កិច្ចដំណើរការ​បើក​ច្រកទ្វារព្រំដែន ដូចដែល​បាន​ព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​បណ្តា​ប្រទេស​ជាប់​ព្រំដែន ដោយ​ចុះ​ពិនិត្យ និង​សិក្សា​ពី​ស្ថានភាព​ជាក់ស្តែង នៃ​ច្រកទ្វារព្រំដែន​នីមួយៗ ដើម្បី​ស្វែងរក​ដំណោះស្រាយ​សមស្រប​៕