ក្រសួង​វប្បធម៌ រៀបចំ​អភិរក្ស និង​ចុះបញ្ជី​អដ្ឋិធាតុ​អ្នកស្លាប់​ក្នុង​របប​ ប៉ុល ពត
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 January, 2019 ក+ ក-

​ភ្នំពេញ ៖ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន និង​កំពុង​រៀបចំ​ធ្វើការ​អភិរក្ស និង​ចុះបញ្ជី​សាកសព​ជនរងគ្រោះ ដែល​បាន​ស្លាប់​ក្នុង​របប​ប្រល័យពូជសាសន៍ ប៉ុល ពត នៅតាម​ទីកន្លែង​វាលពិឃាត​នានា ទូទាំងប្រទេស​កម្ពុជា ដើម្បី​ទុកជា​ភស្ដុតាង និង​ទុក​ឯកសារ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​។ នេះ​បើ​យោងតាម​ការបញ្ជាក់​ពី​លោក វឿន វុ​ទី្ធ ប្រធាន​នាយកដ្ឋាន​បុរាណវិទ្យា និង​បុ​រេ​ប្រ​វ​តិ្ត​វិទ្យា នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។​

​លោក វឿន វុ​ទី្ធ បាន​បញ្ជាក់ថា គិត​ត្រឹម​ដើមឆ្នាំ​២០១៩ នេះ នាយកដ្ឋាន​បុរាណវិទ្យា និង​បុរេប្រវត្តិ​វិទ្យា នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​ផ្ទៀងផ្ទាត់ អភិរក្ស និង​ចុះបញ្ជី​សាកសព ជនរងគ្រោះ (​ការធ្វើ​កោសល្យ​វិ​ច្ច័​យ​) បាន​ជាង​១០​ម៉ឺន​អ​ដិ្ឋ​ធាតុ និង​ផ្នូរ​សាកសព​រួម នៅតាម​ទីតាំង​វាល ពិឃាត នៅ​ទូទាំងប្រទេស គឺមាន​ជិត ២០០​ផ្នូរ សាកសព​រួម​។​

​សូមបញ្ជាក់ថា គម្រោង​អភិរក្ស​មួយ​នេះ​មាន​លក្ខណៈ​វិទ្យាសាស្ត្រ ដែល​ត្រូវបាន​អនុវត្តន៍​ដោយ​បុរាណ​វិទូ​ខ្មែរ និង​យក​រូបមន្ត​បច្ចេកទេស​ពី​បរទេស ដើម្បី​ថែរក្សា​អដ្ឋិធាតុ​ទាំងនោះ ឱ្យមាន​អាយុកាល​យូរអង្វែង និង​មានតម្លៃ​សម្រាប់​ជា​ប្រវត្តិសាស្ត្រ​កម្ពុជា​តទៅ​អនាគត​៕