ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ព្រះសីហនុ អាច​បើក​ការសាងសង់​នៅ​ខែកុម្ភៈ​ឆ្នាំនេះ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 January, 2019 ក+ ក-

​ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅ​ថ្ងៃទី​៩ ខែមករា នេះ បាន​បញ្ជាក់ថា ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ព្រះសីហនុ ចម្ងាយ​ជាង​១៩០​គីឡូម៉ែត្រ អាច បើក​ការដ្ឋាន​សាងសង់​នៅក្នុង​អំឡុង​ខែកុម្ភៈ ឬ​ដើមខែ​មីនា ខាងមុខនេះ ខណៈ​អ្នកបច្ចេកទេស​-​វិស្វកម្ម​ចិន​ប្រហែល​២០០​នាក់ បាន​មកដល់​កម្ពុជា​ហើយ ចំណែក​គ្រឿងចក្រ​ដែលមាន​តម្លៃ​ប្រមាណ​១០០​លាន​ដុល្លារ នឹង​មកដល់​នៅ​ចុងខែ​មករា ខាងមុខនេះ​។

​ទោះជា​យ៉ាងនេះ​ក្តី លោក ស៊ុន ចាន់ថុល បាន​បញ្ជាក់ថា រដ្ឋាភិបាល​មិនទាន់បាន​ដោះស្រាយ​ផលប៉ះពាល់​បញ្ហាដីធ្លី​រួចរាល់​នៅឡើយ ដោយ​ក្រសួង​សាធារណការ កំពុងតែ​រៀបចំ​ជំរុញ​កា​រារ​នេះ​ជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បី​អាច​បើក​ការដ្ឋាន​បាន​។

​សូមជម្រាបថា ផ្លូវ​ល្បឿន​លឿន​នេះ ប្រវែង​ជាង​១៩០​គីឡូម៉ែត្រ មាន​ទទឹង ២៤,៥​ម៉ែត្រ មាន​គន្លង សម្រាប់​ម៉ូតូ សម្រាប់​ថ្មើរជើង មាន​សួន​នៅ​អ័ក​កណ្តាល​ទ្រូងផ្លូវ និង​មាន​ស្ពាន ៨៩​កន្លែង ដោយ គ្រោង​ចំណាយ​ថវិកា​ប្រមាណ ១.៩០០​លាន​ដុល្លារ ដែល​សាងសង់​ដោយ​ក្រុមហ៊ុន​ចិន ក្រោមរូបភាព​វិនិយោគ​សាងសង់​-​ធ្វើ​អាជីវកម្ម​-​ផ្ទេរ (BOT)៕