ពលរដ្ឋ​ក្នង​សហគមន៍​ស្ទឹងមានជ័យ​១៥៣​គ្រួសារ ទទួលបាន​ប្លង់ដី​ស្របច្បាប់​ហើយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 January, 2019 ក+ ក-

​ភ្នំពេញ ៖ ក្តី​សុបិន របស់​ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្តោយ​ប្រឡាយ​ស្ទឹងមានជ័យ មកដល់ពេលនេះ​បានក្លាយ​ជាការ​ពិត​១០០​ភាគរយ​ហើយ នោះ​គឺ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​មិន​រៀបរយ​នេះ​ចំនួន​១៥៣​គ្រួសារ បានទទួល​ប្លង់ដី​កម្មសិទ្ធិ​ស្របច្បាប់​មាត់​ប្រឡាយ ក្នុងចំណោម​ប្រជាព​រដ្ឋ​ជាង​៥០០​គ្រួសារ​ទៀត ដែល​នឹងត្រូវ​ប្រគល់ជូន​ជា​បន្តបន្ទាប់​ទៀត​។​

​ពិធី​ប្រគល់​នេះ​បាន​ធ្វើឡើង​នា​ថ្ងៃទី​១២ មករា ឆ្នាំ​២០១៩ នៅក្នុង​បរិវេណ​វត្ត​ស្ទឹងមានជ័យ ក្រោម​មាន​វត្ត លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ដោយមាន​ការចូលរួម​ពី​មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ អាជ្ញាធរ​ខណ្ឌមានជ័យ​និង​ប្រជាពលរដ្ឋ​ជិត​២០០​នាក់​ផងដែរ​។​

​លោក ឃួ​ង ស្រេង បាន​មានប្រសាសន៍​លើកឡើងថា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​តែង​គិតគូរ​ខ្ពស់​ចំពោះ​ប្រជាពលរដ្ឋ មិន​ថា​រស់នៅ​តំបន់​ណាក៏ដោយ​។ ជាក់ស្តែង​សម្រាប់​ពេលនេះ គឺ​យើង​ពិតជា​បានឃើញ​ជាក់ស្តែង​តាមរយៈ​ការប្រគល់​កម្មសិទ្ធិ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​ប្រឡាយ​ស្ទឹងមានជ័យ​នេះ​។​

​លោក ឃួ​ង ស្រេង បាន​ផ្តាំផ្ញើ ទាំង​អាជ្ញាធរ និង​អាជ្ញាធ​មូលដ្ឋានរ​ត្រូវ​នៅ​ជាមួយគ្នា​ទៅវិញទៅមក មានន័យថា ប្រជាពលរដ្ឋ​ចង់បាន​អ្វី​យើង​ត្រូវ​ជួយ​ពួកគាត់ ហើយ​ប្រជាពលរដ្ឋ​ក៏ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​វិញ​ដែរ ក្នុង​កិច្ចការងារ​អភិវឌ្ឍន៍​និង​កិច្ចការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​ជាដើម​។​

​លោក បន្តថា តំបន់​នេះ​ពីមុន​ចង្អៀត​រក​ផ្លូវ ឬ​ច្រកចូល​ផ្ទះ​សឹងតែ​មិនបាន​ផង​តែ​ពេលនេះ​មាន​ផ្លូវ មាន​ភ្លើងអគ្គិសនី មាន​ទឹកស្អាត​ប្រើប្រាស់ ហើយ​ពិសេស​ថែមទៀត​នោះ ប្រជាពលរដ្ឋ​ក្រោយពី​រាជរដ្ឋាភិបាល​ប្រទានកម្ម​ដី​មាត់​ប្រឡាយ​ជា​កម្មសិទ្ធិ​ស្របច្បាប់ ប្រជាពលរដ្ឋ​បាន​សាង​សង់ផ្ទះ​ជាច្រើន​ជាន់ ។ ដែល​នេះ​ពិតជា​បានបង្ហាញ​ឲ្យ​ឃើញ​ពី​ការរស់នៅ​ប្រកបដោយ​ផាសុកភាព ដែល​ខុសពី​ការរស់នៅ​ពី​ពេលមុន​ឆ្ងាយ​ដូច​មេឃ​និង​ដី ។ ចំពោះមុខ​រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​បន្តការងារ​នេះ​ទៅ​កន្លែង​ផ្សេងទៀត​។​

​លោក អភិបាល​បាន​បន្តទៀតថា ការប្រទាន​កម្មនេះ គឺធ្វើឡើង​ក្រោយពី​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​សិក្សា​ទៅ​មើលឃើញថា យើង​អាច​ស្ថាបនា​ប្រឡាយ​ថ្មី ហើយ​អាច​រំដោះ​ទឹកបាន ទើប​យើង​ប្រទានកម្ម​ជូន​បងប្អូន​ប្រជាពលរដ្ឋ​នៅទីនេះ​។ បងប្អូន​ប្រជាពលរដ្ឋ​ទាំង​
១៥៣​គ្រួសារ បាន​រើ​អីវ៉ាន់​ពីក្រោម​ស្ពាន​មក​នៅ​លើដី​កម្មសិទ្ធិ​ស្របច្បាប់​ហើយ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ជំ​ហ៊ាន​ទី​២​ចូលមក​ស្នាក់នៅ​បន្ត​ជា​តំណាក់កាលៗ រហូត​ការដ្ឋាន​ស្ថាបនា​ប្រឡាយ​ទាំងមូល​ត្រូវបាន​បញ្ចប់​។​

​គួរ​បញ្ជាក់ថា នៅ​តំបន់​ស្ទឹងមានជ័យ រដ្ឋបាល​រាជធានី បាន​នឹង​កំពុង​ស្ថាបនា​ប្រឡាយ​ស្ទឹងមានជ័យ​មាន​ប្រវែង​១៣៩៨​ម៉ែត្រ ដោយ​ចាក់​បេតុង​បុក​ស៊ី​ផាយ ទទឹង​៨​ម៉ែត្រ ហើយ​គម្រោង​នេះ ត្រូវបាន​បែងចែក​ជា​៤​តំណាក់កាល ។ ក្នុងនោះ​តំណាក់កាល​ទី​១ មាន​ប្រវែង​៣២៦​ម៉ែត្រ សងខាង​ប្រឡាយ​សរុប​ប្រវែង​៦៥២​ម៉ែត្រ ហើយ​ក្នុង​ជំហាន​ទី​១​នេះ រដ្ឋបាល​រាជធានី​បានសម្រេច​ចាប់ឆ្នោត​ប្រគល់​ដីជូ​ន​ប្រជាពលរដ្ឋ​ដែល​រស់​នៅលើ​ប្រឡាយ​នេះ​១៥៣​គ្រួសារ​រួចហើយ​ដែរ កាលពី​ប៉ុន្មាន​ខែ​មុននេះ ។​

​ប្រឡាយ​ស្ទឹងមានជ័យ​ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​កំពុងធ្វើការ​អភិវឌ្ឍ​នេះ ឆ្លងកាត់​ខណ្ឌ​ចំនួន​២ គឺ​ខណ្ឌមានជ័យ​និង​ខណ្ឌ​សែន​សុខ ដែលមាន​ប្រជាពលរដ្ឋ​រស់នៅ​និង​រង​ផលប៉ះពាល់​ប្រឡាយ​នេះ​ចំនួន​៥៦២​គ្រួសារ ហើយ​ប្រជាពលរដ្ឋ​ទាំងអស់នេះ​នឹង​ទទួលបាន​ដី​ទំហំ​៤​គុណ​និង​៦​ម៉ែត្រ​ជា​កម្មសិទ្ធិ​ស្របច្បាប់​នៅ​ហ្នឹង​កន្លែង​តែម្តង​។​

​ប្រឡាយ​ស្ទឹងមានជ័យ បាន​ដើរតួ​យ៉ាងសំខាន់ ក្នុង​ការនាំ​ទឹក​ទំលាក់​ចូលទៅ​បឹងទំពុន​។ ជា​គម្រោង​តួ​ប្រឡាយ​ស្ទឹងមានជ័យ​មាន​ទំហំ​៨​ម៉ែត្រ ចិ​ញ្វើ​ម​២ ម៉ែត្រ សាងសង់​ផ្លូវ​បេតុង​ទទឹង​៦​ម៉ែត្រ ផ្លូវ​មុខផ្ទះ​៥​ម៉ែត្រ ដី​នៅសល់​មុខផ្ទះ​១​ម៉ែត្រ​កន្លះ​និង​ក្រោយ​ផ្ទះ​កន្លះ​ម៉ែត្រ​៕