មេ​ប៉ុស្តិ៍នគរបាល​អន្តោប្រវេសន៍​ថ្មី ត្រូវ​ប្រកាន់ខ្ជាប់ គោលការណ៍​សំខាន់​៤​យ៉ាង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 January, 2019 ក+ ក-

​បន្ទាយមានជ័យ ៖ លោក នាយ​ឧ​ត្ត​ម​សេនីយ៍ ឃុន សំបូរ អគ្គនាយករង​នៃ​អគ្គ​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ បាន​មានប្រសាសន៍​ផ្តាំផ្ញើ​ដល់​មេ​ប៉ុស្តិ៍នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ថ្មី ត្រូវ​ប្រកាន់ខ្ជាប់​គោលការណ៍​សំខាន់ៗ ៤​យ៉ាង ដើម្បី​អនុវត្តន៍​កិច្ចការងារ​ឲ្យ​បាន​លទ្ធផល​ល្អប្រសើរ ។

​ប្រសាសន៍​ផ្តាំផ្ញើ​ដូច្នេះ ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារៈកិច្ច និង​តែងតាំង​មុខតំណែង​នាយប៉ុស្តិ៍​នគរបាល​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត នាយកដ្ឋាន​ច្រកទ្វារ​ទី​១ នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ កាលពី​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៩ នៅ​នឹង​មាត់​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយបាន​ប្រកាស​តែ​តាំង​លោក​វរសេនីយ៍ទោ ខឹម ចិ​ត្រា អត្តលេខ​២០៧៥៧ ពី​នាយ​នគរបាល​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ទៅជា​នាយប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ជំនួស​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស៊ឹម សំអាត ដែល​ត្រូវបាន​ក្រសួង​ផ្ទេរចេញ​ដោយ​រក្សា​មុខងារ​ជា​អនុប្រធាន​ច្រកទ្វារ​ទី​១ នៃ​អគ្គនាយកដ្ឋាន អន្តោ​ប្រវេ​ស​ន៏​ក្រសួងមហាផ្ទៃ ។

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ឃុន សំបូរ បញ្ចា​ក់ថា គោលការណ៍​សំខាន់​ទាំង ៤​យ៉ាង រួមមាន ៖ ១.​គោលការណ៍​នៃ​ការសម្រេច​របស់​ថ្នាក់ដឹកនាំ​ដែល​ប្រគល់​ឲ្យ ២.​គោលការណ៍​នៃ​ការគោរព​តាម​ជំនាញ​នីមួយ ៗ ៣.​គោលការណ៍​ច្បាប់ និង​ទិដ្ឋភាព​នយោបាយ​ខ្លះ ៗ ដែល​ជាប់​ពាក់ព័ន្ធ​ជាមួយ​កិច្ចការ​របស់​យើង​ផ្ទាល់ ៤.​ការប្រមូលផ្តុំ​រាល់​របាយការណ៍ និង​គំនិត​នៃ​ការស្នើសុំ​យោបល់​ពី​ថ្នាក់លើ ជាពិសេស​ចំពោះ​កិច្ចការ​សំខាន់ៗ ដែល​មិនមែនជា​ការសម្រេច​រប​ស់​យើង ត្រូវ​ស្នើ​ទៅ​ថ្នាក់ដឹកនាំ​ភ្លាមៗ ។ គោលការណ៍​សំខាន់ៗ ទាំង​៤​នេះ ក្នុងនាម​នាយប៉ុស្តិ៍ និង​នាយរង​ប៉ុស្តិ៍​ដែលជា​បង្គោល​សំខាន់ ត្រូវ​យកមក​ដាក់​ក្នុង​ខ្លួន​ឲ្យ​ខាន​តែ​បាន ទើប​ការអនុវត្ត​ការងារ​គ្មាន​បញ្ហា​អ្វី ។ ម្យ៉ាងទៀត ប៉ុស្តិ៍នគរបាល​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​នេះ ចាត់ទុកថា ជា​ប៉ុស្តិ៍​ធំ​មួយ​ដែល គិត​ទាំង​ជនបរទេស ពលករ ស្ថាប័នរដ្ឋ ស្ថាប័នឯកជន និង​ស្ថាប័ន​អន្តរជាតិ គឺមាន​កិច្ចការងារ​ច្រើនណាស់​ដែល​ត្រូវ​អនុវត្តន៍​បន្ត ដើម្បី​ឲ្យ​សម្រេចបាន​លទ្ធផល​ល្អប្រសើរ ។ ក្នុងនោះ លោក​ក៏បាន​ធ្វើការ​កោតសរសើ​រ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​ការងារ​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស៊ឹម សំអាត ដែល​កន្លងមក​បាន​ខិតខំ​ប្រឹងប្រែង​បំពេញភារៈកិច្ច​ការងារ អភិវឌ្ឍន៍​កន្លែងធ្វើកា​រ និង​ការទំនាក់ទំនង​ជាមួយ​ភាគី​ថៃ ក្នុងការ​សម្របសម្រួល​ការធ្វើដំណើរ​ឆ្លងកាត់​ប្រទេស របស់​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ ដោយ​សម្រេចបាន​លទ្ធផល​ល្អ ។

​ក្នុង​ពិធី​នេះដែរ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស៊ឹម សំអាត អតីត​នាយប៉ុស្តិ៍​នគរបាល​អន្តោ​ប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត បានបង្ហាញ​ពី​របាយការណ៍​សង្ខេប​អំពី​ទីតាំង​ភូមិសាស្ត្រ រចនាសម្ព័ន្ធ អ្នកដំណើរ​ចេញ​-​ចូល ពលករ​ឆ្លងដែន​ខុសច្បាប់ និង​សម​ទ្ធិ​ផល​នានា ដែល​បាន​បង្កើតឡើង​ក្នុង​រយៈពេល ដែល​លោក​ទទួល​ភារៈកិច្ច​ជា​នាយប៉ុស្តិ៍​។​

ជាក់ស្តែង​សម្រាប់​ឆ្នាំ​២០១៨​កន្លងទៅនេះ មាន ៖ – អ្នកដំណើរ​ចូល​កម្ពុជា​សរុប​ចំនួន ៦,៧២៨,៩៤៦​នាក់ ស្រី​ចំនួន​៣,២២៦,២៩៤​នាក់ មាន​១២៧​សញ្ជាតិ ក្នុងនោះ​ជនបរទេស​ចំនួន​៥១៦,៣០៤​នាក់ ស្រី​ចំនួន​២៨៥,៥៥២​នាក់ ពលរដ្ឋ​ខ្មែរ​ចំនួន ៦,២១២,៦៤២​នាក់ ស្រី​ចំនួន​២,៩៤០,៧៤២​នាក់ ។ – អ្នកដំណើរ​ចេញពី​កម្ពុជា​សរុប​ចំនួន ៦,៨៤៤,៧៦៩​នាក់ ស្រី​ចំនួន​៣,២១២,៨៥១​នាក់ មាន​១២៣​សញ្ជាតិ ក្នុងនោះ​ជនបរទេស​ចំនួន​៥២៦,៦៥២​នាក់ ស្រី​ចំនួន​២៨១,៤៣១​នាក់ ពលរដ្ឋ​ខ្មែរ​ចំនួន​៦,៣១៨,១១៧​នាក់ ស្រី​ចំនួន​២,៩៣១,៤២០​នាក់ ។ ក្នុង​ឆ្នាំ​២០១៨​នេះដែរ មាន​ពលករ​ខ្មែរ​ឆ្លងដែន​ខុសច្បាប់​ដែល​ត្រូវ​អាជ្ញាធរ​ថៃ​ចាប់​បញ្ជូនមក​កម្ពុជា​វិញ ចំនួន​៨៨៨​លើក មនុស្ស ចំនួន​៣០,៥៣០​នាក់ ស្រី​ចំនួន​១០,៣៩៦​នាក់ និង​កុមារ ចំនួន​៣,១០៣​នាក់ ៕