ក្រសួង​ព្រមាន​ដក​អាជ្ញា​បណ្ណ​ពី​ក្រុមហ៊ុន​សេវា​ទេសចរណ៍ បើ​មិន​គោរព​ច្បាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 January, 2019 ក+ ក-

​ព្រះសីហនុ ៖ យោងតាម​សារាចរ​ណែនាំ​របស់​ក្រសួងទេសចរណ៍ ចុះ​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៩ បាន​ឲ្យ​ដឹងថា ក្រសួងទេសចរណ៍ នឹង​សម្រេច​ដកហូត​មកវិញ​នូវ​អាជ្ញា​បណ្ណ​ទេសចរណ៍ មូលដ្ឋាន​អាជីវកម្ម​ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន​ទេសចរណ៍​ទាំងឡាយណា ដែល​ពុំបាន​អនុវត្ត​ត្រឹមត្រូវ​តាម​បទដ្ឋាន​អនាម័យ ឬ​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ឬ​មន្ទីរ​សុខាភិបាល ឬ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។​

​ក្រសួង​បាន​រំឭកថា យោងតាម​ច្បាប់​ស្ដីពី​ទេសចរណ៍​មាត្រា​៣២ កថាខណ្ឌ​ទី​២ បាន​បញ្ញត្តិ​ថា ” គ្មាន​បុគ្គល​ណា​ម្នាក់​អាច​ប្រកប​អាជីវកម្ម​ទេសចរណ៍​បានទេ ប្រសិនបើ​បុគ្គល​នោះ​មិន​បានទទួល​ការផ្ដល់​អាជ្ញា​បណ្ណ​ទេសចរណ៍​ពី​ក្រសួងទេសចរណ៍ ឬ​ពី​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដែល​ក្នុងនោះ​លក្ខខណ្ឌ​ផ្ដល់​អាជ្ញា​
​បណ្ណ​ទេសចរណ៍​សម្រាប់​អាជីវកម្ម​ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន​ទេសចរណ៍ តម្រូវ​ឲ្យ​មាន​ជា​ចាំបាច់​នូវ​វិញ្ញាបនបត្រ​បញ្ជាក់​អនាម័យ​ពី​ក្រសួងសុខាភិបាល ឬ​មន្ទីរ​សុខាភិបាល ឬ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ជាមុនសិន​៕