ក្រុមហ៊ុន ស៊ី​ម៉ុ​ន​កម្ពុជា បាន​ប្រើ​គ្រឿងចក្រ​កាប់​ដើមឈើ​ធំៗ​ដឹកជញ្ជូន​ទៅ​ស្តុក​ក្នុង​ឃ្លាំង​សម្រាប់​លក់​យកលុយ​ចែកគ្នា​ជាមួយ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 January, 2019 ក+ ក-

​ខេត្តស្ទឹងត្រែង ៖ ក្រុមហ៊ុន ស៊ី​ម៉ុ​ន​កម្ពុជា បាន​ប្រើ​គ្រឿងចក្រ​កាប់​ដើមឈើ​ធំៗ​ដឹកជញ្ជូន​ទៅ​ស្តុក​ក្នុង​ឃ្លាំង​សម្រាប់​លក់​យកលុយ​ចែកគ្នា​ជាមួយ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន​។​

​ប្រភពពី​មន្ត្រី​អាជ្ញាធរ​នៅ​ឃុំ​ស្រែ​សំបូរ ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា​ក្រុមហ៊ុន​ស៊ី​ម៉ុ​ន​កម្ពុជា ទទួលបាន​ដី​សម្បទាន​សេដ្ឋកិច្ច​ទំហំ​២៦.៩០០​ហិកតា​នៅក្នុង​ភូមិ​ណា​អូ​ង ឃុំ​ស្រែ​សំបូរ ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង ដើម្បី​ស្ដារ​និង​បណ្ដុះ​កូនឈើ​ឡើងវិញ​។ មន្ត្រី​អាជ្ញាធរ​ឃុំ​ស្រែ​សំបូរ បាន​ឲ្យ​ដឹង​ទៀតថា បច្ចុប្បន្ន​ក្រុមហ៊ុន​ស៊ី​ម៉ុ​ន​កម្ពុជា បាន​ឃុបឃិត​ជាមួយ​មន្ត្រីរដ្ឋបាល​ព្រៃឈើ ហើយ​កាប់​ដើមឈើ​ធំៗ​អារច្រៀក និង​ដឹកជញ្ជូន​យ៉ាង​ចំហ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ ព្រោះ​ពួកគេ​គិតតែ​ពី​រឿង​ផលប្រយោជន៍​ប៉ុណ្ណោះ​។

មន្ត្រី សកម្មជន​ព្រៃឈើ​ក្នុង​ខេត្តស្ទឹងត្រែង បាន​ឲ្យ​ក្រុមហ៊ុន​ស៊ី​ម៉ុ​ន​កម្ពុជា មិន​ត្រឹមតែ​កាប់​ឈើ​នៅ​ខាងក្រៅ​ទីតាំង​ដី​សម្បទាន​សេដ្ឋកិច្ច​របស់ខ្លួន​ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​បញ្ជូន​កម្លាំង​កម្មករ​ចូលទៅ​កាត់ឈើ អារច្រៀក​ឈើ ដឹក​ចូលមក​ទីតាំង​ក្រុមហ៊ុន​បន្ទាប់មក​ដឹកជញ្ជូន​ចេញ​យ៉ាង​គគ្រឹកគគ្រេង ជញ្ជូន​ឈើ​ទាំងនោះ​ចេញទៅ​ស្រុក​យួន​តាម​ការបញ្ជាទិញរ​បស់​ឈ្មួញ​យួន​។ ចំណែក​លោក ម៉ុម សារឿន អភិបាលខេត្ត​ស្ទឹងត្រែង ក៏ដូចជា​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តស្ទឹងត្រែង នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តស្ទឹងត្រែង និង​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តស្ទឹងត្រែង កំពុង​រក្ស​ភាព​ស្ងៀមស្ងាត់​ទុក​ឲ្យ​ក្រុមហ៊ុន​ស៊ី​ម៉ុ​ន​កម្ពុជា ធ្វើ​ស្រេច​តែ​អំពើ​ចិត្ត​។

​ប្រភពពី​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុង​ឃុំ​ស្រែ​សំបូរ ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង បាន​លើកឡើងថា ប្រសិនបើ​គ្មាន​ការឃុបឃិត​ពី​មន្ត្រី​ធំៗ​ក្នុង​ខេត្តស្ទឹងត្រែង ទេនោះ​គឺ​ក្រុមហ៊ុន​ស៊ី​ម៉ុ​ន​កម្ពុជា មិន​ហ៊ាន​ធ្វើ​សកម្មភាព​បំផ្លាញ​ព្រៃឈើ​នៅក្នុង​ស្រុក​សៀម​ប៉ាង និង​តំបន់​ឧទ្យាន​ជាតិ​វីរៈ​ជ័យ ដូច​សព្វថ្ងៃ​នេះឡើយ​។

ប្រជា​សហគមន៍​បានលើកឡើង​ទៀតថា បច្ចុប្បន្ន​ក្រុមហ៊ុន​ស៊ី​ម៉ុ​ន​កម្ពុជា បង្កើន​សកម្មភាព​កាប់​ឈើ​អា​ច្រៀក​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ឧទ្យាន​ជាតិ​វីរៈ​ជ័យ ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ ព្រោះ​អភិបាលខេត្ត​ស្ទឹងត្រែង លោក ម៉ុម សារឿន ព្រមទាំង​ប្រធាន​មន្ទីរ​ពាក់ព័ន្ធ​ក្នុង​ខេត្តស្ទឹងត្រែង មិន​ចាត់វិធានការ​ទប់ស្កាត់​សកម្មភាព​របស់​ក្រុមហ៊ុន​ស៊ី​ម៉ុ​ន​កម្ពុជា នោះ​ល​ឡើយ​។

ដូច្នេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួងកសិកម្ម និង​ថ្នាកដឹកនាំ​ក្រសួងបរិស្ថាន ពិនិត្យមើល​បញ្ហា​ខាងលើនេះ​ផង ព្រោះ​ក្រុមហ៊ុន​ស៊ី​ម៉ុ​ន​កម្ពុជា ដែល​ប្រើប្រាស់​អាជ្ញា​បណ្ណស្រន​ច្បាប់ តែ​បែរជា​ក្រុមហ៊ុន​ធ្វើ​សកម្មភាព​ជ្រក​ក្រោម​ស្លាក​អាជ្ញា​បណ្ណ​ទៅ​បំផ្លាញ​ព្រៃឈើ​ក្នុងស្រុក​សៀម​ប៉ាង និង​តំបន់​ឧទ្យាន​ជាតិ​វីរៈ​ជ័យ យ៉ាង​មហន្តរាយ​ទៅហើយ​៕