កម្ពុជា តវ៉ា​ទៅនឹង​សេចក្ដីសម្រេច​របស់ EU ចំពោះ​ការយកពន្ធ​អង្ករ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 January, 2019 ក+ ក-

​ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម​នឹងធ្វើ​ការតវ៉ា ជាមួយ​ការសម្រេច​របស់​សហភាព​អឺរ៉ុប ដែល​គ្មាន​សុក្រឹតភាព និង​សច្ចភាព​សង្គម និង​សេដ្ឋកិច្ច​។

ការប្រកាស​របស់​ក្រសួងពាណិជ្ជកម្ម​គឺ​បន្ទាប់ពី​គណៈកម្មការ​អឺរ៉ុប (EU) បានប្រកាស​គិត​ពន្ធ ការ​នាំចូល​អង្ករ​ពី​កម្ពុជា និង​មី​យ៉ាន់​ម៉ា ទៅកាន់​ទីផ្សារ សហភាព​អឺរ៉ុប ចាប់ពី​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៩​នេះ​តទៅ​។

តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន របស់​គណៈកម្មការ​អឺរ៉ុប​(EU) កាលពី​ថ្ងៃ​១៦ មករា បានប្រកាសថា ចាប់ពី​ថ្ងៃទី​១៨ មករា ការ​នាំចូល​អង្ករ​ពី​កម្ពុជា និង​មី​យ៉ាន់​ម៉ា ទៅកាន់​សហភាព​អឺរ៉ុប នឹង​គិត​ពន្ធ​ព្រោះ​ការនាំ​ចូល​អង្ករ របស់​ប្រទេស​ទាំងពីរ បានធ្វើ​ឲ្យ​ខូចខាត ដល់​សេដ្ឋកិច្ច​អ្នក​ផលិត​អឺរ៉ុប​។

ក្រសួងពាណិជ្ជកម្ម មានការ​សោកស្ដាយ​យ៉ាងខ្លាំង ចំពោះ​សេចក្ដីសម្រេច​នេះ ដែល​មិនបាន​ឆ្លុះបញ្ចាំង​ទាំងស្រុង លើ​ទិដ្ឋភាព​ច្បាប់ពាណិជ្ជកម្ម​អន្តរជាតិ បទដ្ឋាន​បច្ចេកទេស និង​សច្ចភាព ព្រមទាំង​កិច្ចសហប្រតិបត្តិការ​ក​ន្ល​ង​មក​ដ៏​ល្អ រវាង​រដ្ឋាភិបាល និង​វិស័យ​ឯកជន​របស់​កម្ពុជា និង​សហគមន៍​អឺរ៉ុប ។

ក្រសួង​បញ្ជាក់ថា “​ក្រសួងពាណិជ្ជកម្ម កំពុង​ពិនិត្យ​ផ្ទៀងផ្ទាត់ សេចក្ដីសម្រេច​នេះ ដោយ​ផ្អែកលើ​ទិដ្ឋភាព​ច្បាប់ និង​វិធាន​ពាណិជ្ជកម្ម​អន្តរជាតិ ដើម្បី​បន្តធ្វើ​ការតវ៉ា ជាមួយ​សេចក្ដីសម្រេច ដែល​ប្រជាជន​កម្ពុជា​យល់ថា ជា​សេចក្ដីសម្រេច ដែល​គ្មាន​សុក្រឹតភាព និង​សច្ចភាព​សង្គម និង​សេដ្ឋកិច្ច​” ៕