តារា​កំប្លែង​នាយ​កុយ ជួប​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​រថយន្ត​បែក​កង់​រេ​ចង្កូត​បុក​ដើមឈើ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 January, 2019 ក+ ក-

​ខេត្ត​ត្បូងឃ្មុំ ៖ តារា​កំប្លែង​នាយ​កុយ និង​នាយ​ក្រិន បាន​រងរបួស​ស្រាល​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ ខណៈ​អ្នក​ទាំង​ពីរបាន​បើករថយន្ត​ស៊េរី​ទំនើប ម៉ាក​លុច​ស៊ិ​ស ៥៧០ ត្រឡប់​ពី​ខេត្ត​ត្បូងឃ្មុំ មក​ភ្នំពេញ​វិញ នៅវេលា​ទៀបភ្លឺ​ថ្ងៃទី​២០ មករា នេះ​។​

​ប្រ​ភ​ព័ត៌មាន​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៩ វេលា​ម៉ោង ០៥​និង​៥០ នាទី​ព្រឹក នៅលើ​ផ្លូវ​លេខ ៧៣ ភូមិ​ថ្នល់ ឃុំ​តំបែរ ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ រថយន្ត​បែក​កង់​ហើយ​បាន រ៉េ​ចង្កូត​ទៅបុក​ដើមឈើ អ្នករងគ្រោះ​នៅ​កន្លែង​នោះ​ត្រូវ​ស្គាល់​ថា​ជា នាយ​កុយ រៀមច្បង​នៃ​តារា​កំប្លែង​ល្បីល្បាញ​នៅ​កម្ពុជា​។​

​ជនរងគ្រោះ​បើកបរ​រថយន្ត​ម៉ាក​ឡង់​គ្រី​ស័​រ ពណ៌​ស ស្លាក​លេខ ភ្នំពេញ 2AR-9968 ឈ្មោះ ជួង ជី ហៅ​នាយ​កុយ អាយុ ៦៤​ឆ្នាំ រស់នៅ​រាជធានី​ភ្នំពេញ ជា​តារា​កំប្លែង (​របួស​កែងដៃ​ស្តាំ​លក្ខណៈ​ស្រាល​) អ្នករួមដំណើរ​ឈ្មោះ ទេស សុជន ហៅ​នាយ​ក្រឹ​ន ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ សព្វថ្ងៃ​រស់នៅ​សង្កាត់​កា​កាប ខណ្ឌ​ពោ​ធ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ជា​តារា​កំប្លែង​(​គ្មាន​របួស​) ។​

​រថយន្ត​របស់​តារា​កំប្លែង​រូបនេះ​គឺ បើកបរ​ពី​ខេត្ត​រតនគ​រី មក​ក្រុងភ្នំពេញ លុះ​មកដល់​ចំណុចកើតហេតុ បាន​បែក​កង់​ទើប​បណ្តាលអោយ​រេ​ចង្កូត បុក​ដើមឈើ​ដោយ​ខ្លួនឯង​តែម្តង​។ ករណីនេះ មិន​បណ្តាលឱ្យ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ទេ ទោះជា​យ៉ាងណា​នេះ​ក៍​ជា​សំណាង​មួយ​ដែរ​មិន​ប៉ះពាល់​ដល់​អាយុជីវិត​ឡើយ តែរ​ថយ​ន្ង​ខូចខាត​យ៉ាងដំណំ​៕ ដោយ ៖ សុផល​