​ប្រមុខដឹកនាំកម្ពុជា នឹងចុះហត្ថលេខាចំនួន៨ ក្នុងដំណើរទស្សនិកច្ចទៅប្រទេសចិន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 January, 2019 ក+ ក-

​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​ដឹកនាំ​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ចាកចេញ​ពី​កម្ពុជា ហើយ​នៅ ព្រឹក​ថ្ងៃទី​២០ ខែមករា នេះ ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន រយៈពេល​៤​ថ្ងៃ ពីថ្ងៃ​ទី​២០ ដល់​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៩​។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ ភាគី​ទាំងពីរ កម្ពុជា​-​ចិន និង​ចុះហត្ថលេខា​លើ​ឯកសារ​សំខាន់ៗ​ចំនួន​៨ ដូចជា ការផ្តល់​ជំនួយ​នានា​សម្រាប់​ការអភិវឌ្ឍន៍ និង​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ឲ្យ​កាន់តែ​ស្និទ្ធស្នាល​ថែមទៀត​។​

​លោក ស្រ៊ី ថាមរុង្គ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បានបញ្ជាក់​អ្នកកាសែត មុននឹង​ចាកចេញ​ពី​កម្ពុជា នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី ២០ ខែមករា នេះ​ថា ការបំពេញ​ទស្សនកិច្ច​ទៅកាន់​សាធារណៈរដ្ឋ​ប្រជា​មា​និត្យ ចិន​នាពេលនេះ គឺ​តប​តាម​ការអញ្ជើញ​របស់ លោក លី ខឹ​ឈាំ​ង នាយករដ្ឋមន្ត្រី​ចិន​។

​លោក ស្រ៊ី ថាមរុង្គ បាន​ឲ្យ​ដឹងថា មន្ត្រីជាន់ខ្ពស់​កម្ពុជា​អមដំណើរ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី រួមមាន លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ព្រមទាំង​ឥស្សរៈជន​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល និង​ថ្នាក់ដឹកនាំ​ធុរកិច្ច​នៃ​សភាពាណិជ្ជកម្ម​កម្ពុជា​។

​ក្នុងអំឡុងពេល​ទស្សន​កិច្ច សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​ជួប​សំដែង​ការគួរសម​ជាមួយ លោក ស៊ី ជីន​ភីង (Xi Jinping) ប្រធានាធិបតី​ចិន លោក លី ចាន់​ស៊ូ (LiZhanshu) ប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​សភា​ប្រជាជន​ចិន វ៉ាង យ៉ាង (Wang Yang) ប្រធានសភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ចិន និង​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​ឯកឧត្តម លី ខឺ​ឈាង (Li Keqiang) នាយករដ្ឋមន្ត្រី​ចិន​។ ការជួបពិភាក្សា​នឹង​ផ្តោតទៅលើ​ការពង្រឹង និង​ពង្រីក​បន្ថែមទៀត​នូវ​កិច្ចសហប្រតិបត្តិការ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​កម្ពុជា​និង​ចិន ដើម្បី​ផលប្រយោជន៍​នៃ​ប្រជាជាតិ​ទាំងពីរ​។ ក្នុងអំឡុងពេល​ទស្សន​កិច្ច​នេះ រំពឹងថា​នឹងមាន​ការចុះហត្ថលេខា​លើ​ឯកសារ និង​កិច្ចព្រមព្រៀង​កិច្ចសហប្រតិបត្តិការ​មួយចំនួន​ផងដែរ​។ ក្រៅពី​ជំនួប​ខាងលើ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​ទទួល​ការ​ចូលជួប​សម្តែង​ការគួរសម​ដាច់ដោយឡែក​ពីគ្នា​ដោយ​លោក រដ្ឋមន្ត្រី សុង តាវ ប្រធាន​មន្ទីរ​ទំនាក់ទំនង​អន្តរជាតិ​របស់ គណៈកម្មាធិការ​ម​ជ្ឈឹ​ម​បក្សកុម្មុយនិស្ត​ចិន និង​លោកជំទាវ គូ សៀវ​លៀន ប្រធាន​សមាគម​មិត្តភាព​ចិន​-​កម្ពុជា និង​ថ្នាក់ដឹកនាំ​ធុរៈកិច្ច​នានា មាន​មកពី​ធនាគារ​ចិន សាជីវកម្ម​ស្ពាន​ថ្នល់​ចិន ក្រុមហ៊ុន​វិស្វកម្ម និង​ដែកថែប​ចិន និង​ក្រុមហ៊ុន​ហួ​ណេង គ្រុប​។

​បើតាម​ការគ្រោងទុក នៅ​ព្រឹ​ថ្ងៃទី​២២ ខែមករា សម្តេច​តេ​ជោ ហ៊ុន សែន នឹង​ថ្លែង​សុន្ទរកថា មួយ នៅក្នុង​វេទិការ​ដើម្បី​ជំរុញ​វិស័យ​ពាណិជ្ជកម្ម និង​វិនិយោគ​ចិន​-​កម្ពុជា ផងដែរ​។ ក្នុងអំឡុងពេល​ស្នាក់នៅ​ប្រទេស​ចិន សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​អញ្ជើញ​ទៅ​ទស្សនាការ​តាំងពិព័រណ៍​ខួប​អនុស្សាវរីយ៍​លើក​ទី​៤០ នៃ «​កំណែទម្រង់ និង​ការបើក​ទូលាយ​» ប្រទេស​ចិន អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​បើក​វេទិកា​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម កម្ពុជា​-​ចិន ឆ្នាំ​២០១៩ និង​ជួប​សំណេះសំណាល ជាមួយ​និស្សិត​កម្ពុជា ដែល​កំពុង​សិក្សា​នៅ​ប្រទេស​ចិន​ផងដែរ​។​

​គួរបញ្ជាក់​ផងដែរ ទំនាក់ទំនង​កម្ពុជា​-​ចិន កាន់តែ​ល្អប្រសើរ តាមរយៈ​ការ​វិ​និ យោគ​របស់​ចិន និង​ទេសចរ​ចិន​កាន់តែច្រើន​ឡង​នៅ​កម្ពុជា ដែល​ធ្វើ​ឲ្យ​ទំហំ ពាណិជ្ជកម្ម​កម្ពុជា ចិន​បាន​ឡើងដល់​ជាង​៦​ពាន់​លាន​ដុល្លារ និង​គ្រោង​ឲ្យ​បាន ១០​ពាន់​លា​នៅ​ឆ្នាំ​ខាងមុខ​៕