ប៉ូលិស​ស្រុក​ជើងព្រៃ បង្ក្រាប​សង្វៀន​ជល់​មាន់​ដកហូត​ម៉ូតូ​៨​គ្រឿង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 January, 2019 ក+ ក-

​ខេត្តកំពង់ចាម ៖​សង្វៀន​ជល់​មាន់​ភ្នាល់់​ដាក់​លុយ​មួយកន្លែង ត្រូវបាន​កំលាំង​នគរបាល​ស្រុក​ជើងព្រៃ ចុះបង្ក្រាប​ដោយបាន​ដកហូត​វត្ថុតាង​មួយចំនួន​នៅ​កន្លែងកើតហេតុ ដែល​អ្នកលេង​បន្សល់ទុក មុនពេល​ពួកគេ​រត់​យករួចខ្លួន បន្ទាប់ពី​ដឹងថា សមត្ថកិច្ច​នឹង​ចុះ​ទៅដល់​។

​លោក ប្រាក់ សុ​គុណ អធិការនគរបាល​ស្រុក​ជើងព្រៃ បានអោយដឹងថា ជនខិលខូច​មួយចំនួន​នៅតែ​លួចលាក់​ជល់​មាន់​ភ្នាល់​ដាក់​លុយ​ដោយ​ផ្លាស់ប្តូរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ។​តែ​ទោះបី​យ៉ាងណាក៏ដោយ សមត្ថកិច្ច​នៅតែ​តាម​ប្រ​ម៉ាញ់ និង​ដុត​កំទេច​សង្វៀន​ចោល​ជារឿយៗ​ជាក់ស្តែង នៅ​ថ្ងៃទី​២០​ខែមករា ឆ្នាំ​២០១៩​ម៉ោង​១១:០០​នាទី កំលាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​សំពង​ជ័យ ចំនួន ០៣ នាក់​សហការ​ជាមួយ​កំលាំង​ប៉ុស្តិ​ព្រីង​ជ្រុំ ២​នាក់ បានធ្វើការ​ល្បាត​ចល័ត​ដល់​ចំណុច​ភូមិ សណ្ដែក បាន​ប្រទះឃើញ​ក្រុមអ្នកលេង​ជល់​មាន់​មួយក្រុម ពេលដែល​សមត្ថកិច្ច​ចូលទៅ​បង្ក្រាប​ត្រូវបាន​អ្នកលេង​ល្បែង​រត់​អស់​។

​លោក​អធិការ​បាន​បន្តថា​ដោយ​ភូមិសាស្ត្រ​ស្នុ​គ​ស្មាញ និង​មានព្រៃ​ក្រាស​ខ្លាំងពេក សមត្ថ​មិនអាច​ដេញទាន់​ក៏បាន​ដកហូត វត្ថុតាង​បាន​បន្សល់ទុក គឺ ម៉ូតូ​ចំនួន ៨ គ្រឿង កន្ត្រក​ដាក់​មាន់​ចំនួន​០៣ ស្បែកជើង​ចំនួន ០១ គូរ​។​លោក​អធិការ​បន្តថា សមត្ថកិច្ច​បាន​យក​វត្ថុតាង​បាន​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ជើងព្រៃ ដើម្បី​ស្រាវជ្រាវ​ស្វែងរក​ម្ចាស់ នាំមក​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕ ដោយ ៖ សុផល​