និស្សិត​កម្ពុជា​នៅ​ប្រទេស​ចិន​ជិត​៥​រយ​នាក់ បាន​ជួបជាមួយ​សម្តេចនាយក​រដ្ឋមន្ត្រី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 January, 2019 ក+ ក-

​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន កាលពី​ម្សិល​ម៉ិ​ញ បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​និស្សិត​កម្ពុជា​ចំនួន​ជិត​៥​រយ​នាក់ ដែល​កំពុង​សិក្សា​នៅក្នុង​ប្រទេស​ចិន និង​បាន​បញ្ជាក់ថា ទស្សនកិច្ច​របស់​សម្តេច​នៅ​ប្រទេស​ចិន​នាពេលនេះ គឺ​ដើម្បី​កៀងគរ​រក​កម្ចី​ឥណទាន ក្នុងការ​ត​បណ្តាញ​ចែកចាយ​អគ្គិសនី​ដល់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​កម្ពុជា​។​

​សម្តេច​តេ​ជោ ថ្លែងថា ដំណើរ​ទស្សនកិច្ច​រប​ស់ស​ម្តេច​ទៅកាន់​ប្រទេស​ចិន​នាពេលនេះ សម្តេច​នឹង​ជួបចរចា​ជាមួយ​ភាគី​ចិន ក្នុងការ​កៀងគរ​រក​កម្ចី​ឥណទាន ក្នុងការ​ត​បណ្តាញ​ចែកចាយ​អគ្គិសនី​ឲ្យ​បាន​គ្របដណ្តប់ នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ។ សំដៅ​ធ្វើយ៉ាងណា​ឲ្យ​តម្លៃ​អគ្គិសនី​កាន់តែ​ចុះថោក នៅ​បណ្តា​ឆ្នាំ​ខាងមុខៗ ធានា​នូវ​ការបែងចែក​ផ្លែផ្កា នៃ​កំណើនសេដ្ឋកិច្ច និង​ការកាត់បន្ថយ​ភាពក្រីក្រ របស់​ប្រជាជន​កម្ពុជា​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ចក្ខុវិស័យ​នៃ​ការបន្ត​បញ្ចុះតម្លៃ​អគ្គិសនី នឹង​បន្តធ្វើ​រហូត​ឆ្នាំ​២០២១ ដើម្បី​ឲ្យ​តម្លៃ​អគ្គិសនី​កាន់តែ​ចុះថោក​ថែមទៀត និង​ធានាថា​ប្រជាពលរដ្ឋ​នៅ​ភូមិឋាន​ទាំងអស់​មាន​អគ្គិសនី​ប្រើប្រាស់​។

​គួរ​បញ្ជាក់ថា នាឱកាស​នោះ សម្តេចនាយក​រដ្ឋមន្ត្រី បាន​ឧបត្ថម្ភ​ថវិកា​មួយចំនួន​ដល់​និស្សិត​ផ្ទាល់ និង​បាន​ជួយ​ដល់​សមាគមនិស្សិត​ដែល​កំពុង​សិក្សា​នៅ​ប្រទេស​ចិន​ចំនួន​៣​ម៉ឺន​ដុល្លារ បូក​រួមទាំង​ប្រាក់ឧបត្ថម្ភ​តាមរយៈ​សភាពាណិជ្ជកម្ម​កម្ពុជា ចំនួន ៥​ម៉ឺន​ដុល្លារ និង​ថវិកា​របស់​ថ្នាក់ដឹកនាំ​ចំនួន ១​ម៉ឺន​ដុល្លារ​ផ្សេងទៀត ដើម្បី​ទំនុកបម្រុង​សមាគមនិស្សិត​នៅ​ប្រទេស​ចិន អោយមាន​ល​ទ្ឋ​ភាព​បន្ត​កិច្ចការ​របស់ខ្លួន​៕