ឆេះ​ឃ្លាំង​ស្តុក​ខោអាវ​ជជុះ​នៅ​សង្កាត់​ស្ទឹងមានជ័យ​ទី​២ ពេល​រំលង​អា​ធ្រា​ត្រ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 January, 2019 ក+ ក-

​ភ្នំពេញ ៖ ឃ្លាំង​ស្តុក​ខោអាវ​ជជុះ​ចំនួន ២​ឃ្លាំង ដែលមាន​ម្ចាស់ ឈ្មោះ ហេង ឆាយ ភេទ​ប្រុស អាយុ​៦៦​ឆ្នាំ ស្ថិតនៅ​ភូមិ​ព្រែក​ទាល់ ក្រុមទី​៥ សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ ត្រូវបាន​អគ្គីភ័យ​ឆាបឆេះ​កាលពី​ម៉ោង​១ និង​១៥​នាទី រំលង​អា​ធ្រា​ត្រ​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៩​។​

​បើតាម​ម្ចាស់​ឃ្លាំង​បាន​ឲ្យ​ដឹងថា មូលហេតុ​បណ្តាល​ឲ្យ​មានការ​ឆាបឆេះ​នេះ មកពី​ឆ្លង​ចរន្តអគ្គិសនី និង​ខាតបង់​ទ្រព្យសម្បត្តិ​គិត​ជា​សាច់ប្រាក់​ប្រមាណ​ជាង ២​ម៉ឺន​ដុល្លារ តែ​ទោះជា​យ៉ាងណា​ក៏​ក្រុមការងារ​បាន​ជួយ​អន្តរាគមន៍​បាញ់​ពន្លត់​គ្រប់គ្រង​ស្ថានការណ៍ និង​ទប់ស្កាត់ ការពារ មិន​ឲ្យ​ឆ្លង​រាលដាល​ដល់ផ្ទះ​អ្នកជិតខាង​រួមទាំង មិន​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​ប្រជាពលរដ្ឋ​ណា​ម្នាក់​នោះទេ​។​

​បើតាម​សមត្ថកិច្ច​ឲ្យ​ដឹងថា ក្នុង​គ្រោះ​អគ្គិភ័យ​ខាងលើនេះ ក្រុមការងារ​បង្ការ​ព​ន្ល​ត់​អគ្គិភ័យ​របស់​ស្នងការ​រាជធានី​ភ្នំពេញ បាន​ប្រើ​ឡានទឹក​ក្នុង​ការបាញ់​ពន្លត់ ដោយ​ប្រើ​ឡាន​អគ្គស្នងការ​រាជធានី​ភ្នំពេញ​អស់​៨​គ្រឿង ប្រើ​ទឹក​អស់​២០​ជើង រួមទាំង​ឡាន របស់​បញ្ជាការ​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ​ចំនួន​៣​គ្រឿង ស្មើនឹង​៣​ជើង​ឡានទឹក សរុប​ទាំងអស់​ចំនួន​១១​គ្រឿង ប្រើប្រាស់​អស់​ទឹក ២៣​ជើង​ឡានទឹក ទើប​រលត់ទៅវិញ​នៅវេលា​ម៉ោង ៣ ទៀបភ្លឺ​៕