អ្នករកស៊ី​ទិញ លក់ ផ្កាអង្គារសីល​ត្អូញត្អែរ​ដោយសារ​ផ្កា​នេះ ចេះតែ​បាត់បង់​ទៅៗ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 January, 2019 ក+ ក-

​ភ្នំពេញ ៖ ខណៈដែល​ថ្ងៃបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ចិន វៀតណាម នឹង​ចូល​មក ដល់​នៅ​ថ្ងៃទី​៤ ខែកុម្ភៈ ខាងមុខនេះ ឃើញថា ដើម​ផ្កា​អង្គា​សីល(អង្គាលឿង) ត្រូវបាន​គេ​ដឹកយក​មកពី​តាម​បណ្តា​ខេត្ត នានា​មក​ដាក់លក់​តាម​ទីប្រជុំជន​ក្នុង​ទីក្រុង​ភ្នំពេញ ជា​បណ្តើរៗ​ហើយ​។​

​អ្នក​ប្រក​បរបរ ទិញ លក់ ដើម​ផ្កា​អង្គា​សីល តាម​រដូវ​កាល​ម្នាក់ បាន​ត្អូញត្អែរថា រាល់​ឆ្នាំ គាត់​តែង​ទៅរក​ទិញ​ពី​តំបន់​ព្រៃភ្នំ យកមក​លក់​បន្ត​នៅ​ទីក្រុង​ភ្នំពេញ តែ​ឆ្នាំនេះ គាត់ ទៅ​ទិញ​ដល់​ស្រុក​ភ្នំ​ក្រវ៉ា​ញ ខេត្តពោធិសាត់ ហើយ​ពិបាក​ណាស់ ព្រោះ​តំបន់​ខ្លះ​ក្លាយ ជា​ដី​របស់​ក្រុមហ៊ុន​ឯកជន ឬ​គេ​អភិវឌ្ឍន៍​អស់ហើយ គ្មាន​ផ្កាអង្គារសីល ឬផ្កាអង្គាលឿង នោះ​ទៀតទេ​។​

​បុរស​ម្នាក់​ដែល​ឈរ​ទិញ​ផ្កា​អង្គា​សីល បាន​ឲ្យ​ដឹងថា ផ្កា​អង្គា​សីល គឺ​ស្ថិតក្នុង​ជំនឿ អមតៈ របស់​ជនជាតិ​ចិន ដោយ​ពួកគេ​ជឿជាក់ថា ជា​ផ្កា​នាំ​សំណាងដ៏រុងរឿង ប្រសិនបើ​ថ្ងៃ​ចូលឆ្នាំ​ចិន​ផ្កា​អង្គា​សិល្ប៍​រីក​ច្រើន​ល្អ គឺ​បានសេចក្តីថា ឆ្នាំនេះ​ពួកគេ​នឹង​រកស៊ី​មានបាន​ប្រាក់ ហូរហៀរ តែ​ប្រសិនបើ​ផ្កា​នោះ​រីក​មិនសូវ​ល្អ ការរកស៊ី​នៅ​ឆ្នាំនេះ ក៏​ទៅតាម​នោះដែរ៕