លោក គង់ គាំ ចូល​បំភ្លឺ​តុលាការ​សំណុំរឿង​លោក កឹម សុខា​ ​ព្រឹក​មិញ​នេះ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 January, 2019 ក+ ក-

​ភ្នំពេញ ៖ លោក គង់ គាំ អតីត​ប្រធាន​គណបក្ស​សម រង្ស៊ី និង​ជា​អតីត​ឧ​ត្ត​ម​ទីប្រឹក្សា​ជាន់ខ្ពស់ គណ បក្ស​សង្គ្រោះ​ជាតិ នៅវេលា​ម៉ោង ៨ និង ៣០​នាទី​ព្រឹក ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៩ នេះ បាន ចូល​ឆ្លើយបំភ្លឺ​ក្នុងនាម​ជា​សាក្សី​លើ​សំណុំរឿង​លោក កឹម សុខា ឃុបឃិត​ជាមួយ​ជន បរទេស​ក្បត់ ជាតិ នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​លោក គង់ គាំ កាលពី​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៨ ត្រូវបាន លោក គី ឫទ្ធី ចៅក្រម​ស៊ើបសួរ​នៃ​សាលា ដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​កោះហៅ​សាកសួរ​ក្នុងនាម​សាក្សី ក្នុង​សំណុំរឿង​ដែលមាន ជន​ត្រូវ ចោទ​ឈ្មោះ កឹម សុខា ជាប់ចោទ​ពីបទ​ស​ន្និ​ដ្ឋិ​ភាព​ជាមួយ​បរទេស (​ក្បត់ជាតិ​)​។​

​សូម​រំលឹកថា លោក គង់ គាំ គឺជា​សាក្សី​ទី​១០ ដែល​ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា ឲ្យ​ចូល​ឆ្លើយបំភ្លឺ​ក្នុងនាម​ជា​សាក្សី​លើ​សំណុំរឿង​លោក កឹម សុខា ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស​៕