​សម្តេច​តេ​ជោ ហ៊ុន សែន ត្រឡប់​មកពី​ប្រទេស​ចិន វិញ នៅ​រសៀល​ថ្ងៃនេះ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 January, 2019 ក+ ក-

​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៩​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា ចាក​ចេញពី​ប្រទេស​ចិន​និវត្តន៍​មក​ប្រទេស​កម្ពុជា​វិញ បន្ទាប់ពី​បានបញ្ចប់​ដំណើរ​ទស្សនកិច្ច​ប្រកបដោយ​ជោគជ័យ​ខ្ពស់​នៅលើ​ទឹកដី​មហាមិត្ត​ចិន​រយៈពេល​៣​ថ្ងៃ​កន្លងទៅ​។​

​តាម​ការគ្រោងទុក​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​គណៈប្រតិភូ នឹង​ហោះហើរ​មកដល់​ប្រទេស​កម្ពុជា​វិញ​នៅ​រសៀល​ថ្ងៃ​ដដែល​នេះ​។ ក្នុង​ដំណើរ​ទស្សនកិច្ច​នៅលើ​ទឹកដី​ចិន​រយៈពេល​៣​ថ្ងៃ​កន្លងទៅនេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ជួបពិភាក្សារ​ទ្វេភាគី​ជាមួយ​លោក ស៊ី ជីន​ពីង ប្រធានាធិបតី​ចិន​, លោក លី ខឺ​ឈាង នាយករដ្ឋមន្ត្រី​ចិន​, លោក វ៉ាង យ៉ាង ប្រធានសភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ចិន​, លោក លី ចាន់​ស៊ូ ប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​សភា​ប្រជាជន​ចិន និង​លោក សុង តាវ រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​អន្តរជាតិ​មជ្ឈិម​បក្សកុម្មុយនិស្ត​ចិន​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​អនុញ្ញាត​ឲ្យ​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ធំៗ​របស់​ចិន​ចំនួន​៣ រួមមាន​៖ ក្រុមហ៊ុន​វិស្វកម្ម និង​ដែកថែប​ចិន​, ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន និង​ថ្នល់​ចិន និង​ក្រុមហ៊ុន​ហួ​ណេង​គ្រុប​។ សម្តេចនាយក​រដ្ឋមន្ត្រី ក៏បាន​អនុញ្ញាត​ឲ្យ​ប្រធាន​ធនាគារ​ចិន ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​លើ​ការងារ​វិនិយោគ​មួយចំនួន​ផងដែរ​។​

​លោក​ប្រធានាធិបតី​ចិន ក៏បាន​ប្រកាស​បង្កើន​ការទិញ​ផលិតផល និង​កសិផល​របស់​ក​ម្ពុ​ជា​ឲ្យ​បាន​កាន់តែច្រើន​ថែមទៀត​ផងដែរ​។ ការប្រកាស​ផ្តល់ជំនួយ ក៏ដូចជា​ការទិញ​អង្ករ និង​កសិផល​ផ្សេងៗ​នេះ ត្រូវបាន​គេ​មើលឃើញ​ពី​ការបង្ហាញ​ជំហរ​ដ៏​ម៉ឹងម៉ាត់​របស់​ចិន​ក្នុងការ​លើកកម្ពស់ និង​ពង្រឹង​ឲ្យ​កាន់តែ​រឹងមាំ​នូវ​ទំនាក់ទំនង​ជាមួយ​កម្ពុ​ជា​ឲ្យ​កាន់តែ​ខ្លាំងក្លា​៕