អាជ្ញាធរខេត្ត​ព្រះវិហារ ចុះ​ពិនិត្យ​ការវាស់វែង​បែង​ចែង​ដីឡូត៍​ជូន​ពលរដ្ឋ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 January, 2019 ក+ ក-

​ព្រះវិហារ ៖ អភិបាលខេត្ត​ព្រះវិហារ​លោក អ៊ុន ចាន់​ដា កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៩ បាន​អញ្ជើញ​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ​រៀបចំ​ដី​សម្បទាន​គោលនយោបាយ​សង្គមកិច្ច​លំនៅឋាន និង​ដី​សម្បទាន​កសិកម្ម​ជូន​ប្រជាពលរដ្ឋ​។​

​ពួកគាត់​នៅក្នុង​តំបន់​អភិរក្ស​ប្រាសាទព្រះវិហារ​មកពី​ចំណុច​ស្វាយជ្រុំ ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​ដែល​ផ្លាស់​មក​រស់នៅ​ភូមិ​ធម្មជាតិ ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត តាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​។​

​ជា​លទ្ធផល​នៃ​ការចុះពិនិត្យ​ជាក់ស្តែង​នៃ​ក្រុមការងារ​ខេត្ត ទទួលបាន​លទ្ធផល​ដូចខាងក្រោម​៖១.​ក្រុមការងារ​នឹង​ចុះ​កំណត់​ប្លង់ និង​បោះបង្គោល​ការរៀបចំ​បិទ​បញ្ជី​ក្បាល​ដីឡូត៍​លំនៅដ្ឋាន​នាពេល​ឆាប់ៗ​ដល់​ប្រជា ពលរដ្ឋ ដែល​មិនទាន់បាន​ទទួលបាន​ដី​កន្លងមក ស្ថិតនៅ​ភូមិ​ធម្មជាតិ ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត​។​

២.​ដី​សម្បទាន​កសិកម្ម​ដែល​ស្ថិតនៅ​ឃុំ​កន្ទួតស្រុក​ជាំ​ក្សាន្ត​ចំនួន​៥.០០០​ហិកតា​នឹងត្រូវ​បែងចែក​ជូន​ប្រជាពលរដ្ឋ​ក្នុង​១​គ្រួសារ​ចំនួន​២​ហិកតា​សម្រាប់​យកទៅ​បង្កបង្កើនផល​។​ក្នុង​ដំណើរ​ចុះ​ពិនិត្យ​ទីតាំង​ខាងលើនេះ ក៏មាន​ការចូលរួម​ពី​តំណាង​អាជ្ញាធរ​ព្រះវិហារ អភិបាលរង​ខេត្ត នាយក​រដ្ឋបាល​សាលាខេត្ត អភិបាលស្រុក និង​មន្ទីរជំនាញ​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត​ជាច្រើនរូប​ផងដែរ​៕