ពលរដ្ឋ​រកស៊ី​ចិញ្ចឹម​ត្រី​នៅ​បឹង​សំរោង ផ្ទុះ​ការតវ៉ា​បន្ទាប់ពី​អាជ្ញាធរ​ឲ្យ​រើចេញ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 January, 2019 ក+ ក-

​ភ្នំពេញ ៖ ប្រជាព​រដ្ឋ​ជិត ១០០​គ្រួសារ ក្នុងចំណោម​ជាង​៣០០​គ្រួសារ ដែល​រកស៊ី​ចិញ្ចឹម​ត្រី​នៅក្នុង​បឹង​សំរោង ដែល​ស្ថិតនៅ​ភូមិ ឌួង សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ បាន​ផ្ទុះ​ការតវ៉ា​នៅ​ព្រឹក ថ្ងៃទី​២៣ ខែ មករា ឆ្នាំ ២០១៩ នេះ ដើម្បី​ទាមទារ​អោយ​អាជ្ញាធរ ទុកពេល​មួយឆ្នាំ ដើម្បី​ប្រមូល​ត្រី​សិន ទើប​ឯកភាព​រុះរើ​ចេញ បន្ទាប់ពី អាជ្ញាធរ ចេញ​សេចក្តី​ជួន​ដំណឹង​ឲ្យ​រុះរើ ក្រោមរូបភាព​ស្តា​របឹង ដោយ​ទុក​រយះពេល​តែ​១០​ថ្ងៃ​។

ប្រជាពលរដ្ឋ​ថា ពួកគាត់​ព្រមធ្វើ​កិច្ចសន្យា បើសិនជា​ដល់​ថ្ងៃ​កំណត់​មិន​ព្រម​រុះរើ​ទេ ពួកគាត់​សុខចិត្ត​ទទួលខុសត្រូវ​តាមផ្លូវ​ច្បាប់ ហើយ​បើសិន​គ្មាន​ការដោះស្រាយ​នោះទេ ពួកគាត់​នឹង​លើកគ្នា​ទៅ​សាលា​រាជធានី​ភ្នំពេញ ។

​គួរ​បញ្ជាក់ថា រដ្ឋបាល​ខណ្ឌ​ព្រែក​ព្នៅ បាន​ជូនដំណឹង​ដល់ ពលរដ្ឋ​ដែលជា​ម្ចាស់​ស៊ង​ចិញ្ចឹម​ត្រី និង​ស្រះ​ចិញ្ចឹម​ត្រី​ក្នុង​បឹង​សំរោង​ថា ដើម្បី​ការពារ​ផ្ទៃ​បឹង​សំរោង និង​ថែ​ក​រក្សា​មុខងារ​បឹង​ជា​អាង​ស្តុ​ប​ទឹក ដែលជា​ប្រព័ន្ធ​រំដោះ​ទឹក​ជន់​លិច​មួយ​ភាគពី​រាជធានី​ភ្នំពេញ និង​ពី​បណ្តា​ខេត្ត​នានា​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹងធ្វើ​ការស្តា​របឹង​សំរោង​ឡើងវិញ ហើយ​តម្រូវអោយ ប្រជាពលរដ្ឋ​ជា​ម្ចាស់​ស៊ង និង​ម្ចាស់​ស្រះ​ចិញ្ចឹម​ត្រី​ទាំងអស់​រុះរើ​ចេញ​៕