ម៉ូតូ​ដឹក​សាំង​៤​ប៊ីដុង ដួល​ផ្ទុះ​ឆេះ​បុរស​ម្នាក់​ស្លាប់ និង​ឆេះ​រថយន្ត​លុច​ស៊ិ​ស​គ្រឿង​(Video)
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 January, 2019 ក+ ក-

​ភ្នំពេញ ៖ នេះ​ជាហេតុ​ការណ៍​មួយ​ដ៏​គួរអោយ​រន្ធត់ ប​ណ្តោ​ល​អោយ​បុរស​ជិះ​ម៉ូតូ​ដឹក​សាំង​ម្នាក់ ត្រូវ​ភ្លើង​ឆាបឆេះ​រហូតដល់​ស្លាប់ ខណៈ​កំពុង​ជិះ​ម៉ូតូ​ដឹក​សាំង ហើយ​បាន​ដួល​ម៉ូតូ ខ្ទាត​សាំង​ផ្ទុះ​ឆេះ​យ៉ាង​សន្ធោសន្ធៅ​។​

​ហេតុ​ការ​ណ៏​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៩​និង​៤០​នាទី​ព្រឹក ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៩ ស្ថិតនៅ​ចំនុច​មុខ​ហាង​កាហ្វេ​អា​មេ​ហ្សូ​ន​ផ្លូវ​លេខ​៣៣៧​កែង​នឹង​ផ្លូវ​លេខ​៥២៨ សង្កាត់ បឹងកក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា​មុនពេល​កើតហេតុ​គេ​ឃើញ​បុរសរងគ្រោះ​ខាងលើ​ជិះ​ម៉ូតូ​ដឹក​ប្រេងសាំង​ចំនួន​៤​កាន​បើកបរ​ក្នុង​ល្បឿន​លឿន​ពី​ទិសដៅ​ពី​កើ​តទៅ​លិច​លុះដល់​ចំណុចកើតហេតុ​បានគេច​ពី​រ៉ឺម៉ក​មួយគ្រឿង​ឆ្លងផ្លូវ​នៅខាងមុខ ហើយ​បាន​ដួល​បែក​ប៊ីដុង​សាំង ខ្ទាត​សាំង​ប៉ះ​បង្គោល​ភ្លើង និង​រថយន្ត​លុច​ស៊ិ​ស ដែល​ចត​នៅលើ​ច​ញ្ចើ​ម​ផ្លូវ​បង្ក​ឱ្យចេញ​ជា​អណ្តាតភ្លើង​យ៉ាង​ខ្មួលខ្មាញ់​ធ្វើឱ្យ​បុរស​ខាងលើ​ឈ្លក់ផ្សែង​ភ្លើង​ដួល​ឆេះ​ខ្លោច​ស្លាប់​ភ្លាមៗ​យ៉ាង​អ​ណោ​ច​អធម និង​រាលដាល​ឆេះ​រថយន្ត​លុច​ស៊ិ​ស​មួយគ្រឿង និង​ប្រអប់​បង្គោល​ភ្លើង​របស់ EDC ជាច្រើន​ប្រអប់​។​

​ភ្លាមៗ​នោ​ដែរ​ក៏មាន​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​៤​គ្រឿង ចេញ​អន្តរ​គម​ន៍​បាញ់​ពន្លត់​អស់​មួយគ្រឿង ដើម្បី​កុំឱ្យ​ឆេះ​រាលដាល​ដល់ផ្ទះ​ប្រជា​រដ្ឋ​ដែល​នៅក្បែរ​កន្លែងកើតហេតុ ឱ្យ​រលត់ទៅវិញ​ជា​ស្ថាពរ នៅវេលា​ម៉ោង​១០​និង ០០​នាទី ព្រឹក​ថ្ងៃ​ដដែល​។​

​ចំណែក​សព​ត្រូវបាន​រថយន្ត​ដឹក​សព​ដឹក​យកទៅ​តម្កល់ទុក​នៅ​វត្ត​ទឹកថ្លា ដើម្បី​ប្រគល់​ទៅឱ្យ​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕