រកឃើញ​ត្រី​បបែល​ក្រៀម និង​បន្លែ​មួយចំនួន​នៅក្នុង​ផ្សារ​ស្នួល មាន​សំណល់​គីមី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 January, 2019 ក+ ក-

​ខេត្តក្រចេះ ៖ នៅ​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៩ មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តក្រចេះ និង​មន្ត្រី​មកពី មន្ទីរ​ពាក់ព័ន្ធ​ក្នុង​ខេត្ត បាន​សហ​ការចុះ​ត្រួតពិនិត្យ​ផលិតផល​ម្ហូបអាហារ​នៅក្នុង​ផ្សារ​ស្នួល ស្រុក ស្នួល ខេត្តក្រចេះ​។​

​មន្ត្រី​ជំនាញ បាន​រកឃើញ​ភាពមិនប្រក្រតី​នៅលើ​ម្ហូបអាហារ មានដូចជា ៖ ត្រី​បបែល​ក្រៀម​ចំនួន ០,៥ គីឡូក្រាម ដែលមាន​ផ្ទុក​សារធាតុ​គីមី​ហាមឃាត់​បូរ៉ា​ក់​។ ម្ទេសដៃនាង មើម​ខ្ទឹមស ខ្ទឹមក្រហម និង​ស្លឹក​ខ្ទឹម ដែលមាន​ផ្ទុក​សារធាតុ​សំណល់​គីមីកសិកម្ម​។ បន្ទាប់មក មន្ត្រី​ជំនាញ​បានធ្វើ​កំណត់ ហេតុ​ដកហូត និង​យកមក​កម្ទេចចោល​ភ្លាមៗ ផងដែរ​។​

​ក្នុងឱកាស​នោះ មន្ត្រី​សាខា​កាំកុងត្រូល បានធ្វើ​ការណែនាំ​ដល់​អាជីវករ ស្តីពី​ការគ្រប់គ្រង​គុណភាព សុវត្ថិភាព លើ​ផលិតផល​ទំនិញ និង​សេវា​ជៀសវាង​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ និង អាច​ប្រឈម​ចំពោះមុខ​ច្បាប់​ថែមទៀត​៕