តារាចម្រៀង​កញ្ញា ខេមរៈ ស្រី​ពៅ ទទួលមរណភាព​ហើយ នៅ​ប្រទេស​ឥណ្ឌា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 January, 2019 ក+ ក-

​ភ្នំពេញ ៖ តារាចម្រៀង ខេមរៈ ស្រី​ពៅ បានទទួល​មរណភាព នៅ​ម៉ោង​ប្រមាណ ១​រសៀល​ថ្ងៃ​សុក្រ ទី​២៥ ខែមករា ឆ្នាំ​២០១៩​នេះ នៅ​មន្ទីរពេទ្យ​មួយ​ក្នុងប្រទេស​ឥណ្ឌា​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក របស់ លោក ខេមរៈ ភា​រុណ បងប្រុស ខេមរៈ ស្រី​ពៅ​។​

​បើ​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក ខេមរៈ ភា​រុណ បងប្រុស ខេមរៈ ស្រី​ពៅ បាន​សរសេរ ដោយ​ភ្ជាប់​ជាមួយ​រូបថត​របស់ ខេមរៈ ស្រី​ពៅ ថា ៖ «​ប្អូន​ពៅ​បង​លា​យើងទាំងអស់គ្នា​ហើយ​»​។ លោក​បាន​រៀបរាប់ថា​៖ «​ស្រណោះ​ប្អូន​ពៅ​បង​សែន​ល្អ​ណាស់​ក្នុង​លោក​នេះ​»​។​

​ប្រិយមិត្ត​ជាច្រើន​បាន​ជ្រាប​ជា​ហូរហែ​រួចមកហើយ អំពី​ដំណឹង​កញ្ញា ខេមរៈ ស្រី​ពៅ ដែលជា​ប្អូនស្រី​បង្កើត​របស់​កំពូល​តារា​ចម្រៀង ខេមរៈ សិរីមន្ត បាន​ធ្លាក់ខ្លួន​ឈឺ​កាលពី​ប៉ុន្មាន​ឆ្នាំកន្លងមក ប៉ុន្តែ មួយរយៈ​ចុងក្រោយ​នេះ ក៏​លេចលឺ​ព័ត៌មាន​ថា សុខភាព​របស់​នាង​បាន​វិលត្រឡប់​មក​សភាព​ធម្ម​តា​ល្អប្រសើរ​វិញ​ហើយ ។ តែ​ទោះ​យ៉ាងនេះ​ក្តី ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ គេ​មិនដែល​ឃើញ​វត្តមាន​របស់​នាង​បង្ហាញ​នៅលើ​កញ្ចក់​ទូរទស្សន៍ ឬ​កម្មវិធី​ផ្សេងៗ​នោះទេ ។​

​បើតាម​ក្រុមគ្រួសារ​របស់លោក ខេមរៈ សិរីមន្ត បាន​បញ្ជាក់ថា តាម​ការពិត ខេមរៈ ស្រី​ពៅ មាន​ជំងឺ​សួត និង​ក្រលៀន​ធ្ងន់ធ្ងរ យូរណាស់​មកហើយ ប៉ុន្តែ​ក្រុមគ្រួសារ មិនសូវ​ជា​ចាប់អារម្មណ៍​ប៉ុន្មាន​នោះទេ ពោលគឺ​ទើបតែ​រយៈពេល​២​ខែ​នេះ នាង​មាន​អាកា​រៈ​ធ្ងន់ធ្ងរ ទើប​ក្រុមគ្រួសារ សម្រេច​បញ្ជូនទៅ​ព្យាបាល​នៅ​ប្រទេស​ឥណ្ឌា ប៉ុន្តែ​ជា​អកុសល​ក្រុមគ្រូពេទ្យ មិនអាច​ជួយសង្គ្រោះ​ជីវិត​របស់​នាង​បានឡើយ​។​

​សូមជម្រាបថា ខេមរៈ ស្រី​ពៅ ជា​ប្អូនស្រី​របស់​តារាចម្រៀង លោក ខេមរៈ សេរី​មន្ត ។ កញ្ញា ខេមរៈ ស្រី​ពៅ មាន​ជំងឺ​ជាប់​កាយ អស់​រយៈពេល ៤​ឆ្នាំ​មកហើយ​។ ប៉ុន្តែ យើងទាំងអស់គ្នា​ពិតជា​ស្ទើរតែ​មិនគួរ​ឲ្យ​ជឿ​សោះ ដែល​ថ្មីៗ​នេះ ស្រាប់តែ​លេច​លឺដំណឹង​ដ៏​សោកសៅ​បំផុត​ចេញពី​បងប្រុស​របស់ នាង​ថា ខេមរៈ ស្រី​ពៅ បាន​លាចាក​លោក​ហើយ​៕​