​ក្រុមហ៊ុន​កូរ៉េខាងត្បូង កំពុង​សិក្សា​គម្រោង​សាងសង់​ស្ពាន​ឆ្លងទន្លេ​មេគង្គ ទៅ​តំបន់​ស្វាយជ្រុំ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 January, 2019 ក+ ក-

​ភ្នំពេញ ៖ លោក វ៉ា​ស៊ីម សូរិយា អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​បាន​អះអាងថា គម្រោង​សាងសង់ ស្ពាន​ឆ្លង​ពី​ជ្រោយចង្វារ​ទៅកាន់​តំបន់​ស្វាយជ្រុំ មិនអាច​ដំណើរ​បាន​នៅឡើយ​ទេ ក្រោយពី​ប្រគល់​សិទ្ធិ​ឲ្យ​ប្រទេស​កូរ៉េខាងត្បូង ធ្វើការ​សិក្សា បន្ទាប់ពី​បញ្ចប់​ការសិក្សា​ដោយ​ក្រុមហ៊ុន​របស់​ចិន​។ នេះ​បើ​តា​មារ​ផ្សារ​របស់​ទីភ្នាក់ងារ សារព័ត៌មាន កម្ពុជា AKP កាលពី​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៩​។​

​លោក វ៉ា​ស៊ីម សូរិយា អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​បញ្ជាក់ថា គម្រោង​សាងសង់ ស្ពាន​ជ្រោយចង្វារ​-​ស្វាយជ្រុំ ត្រូវបាន​ភាគី​ចិន​សិក្សា​ចប់​ម្តង​រួចមកហើយ ។ ប៉ុន្តែ​បច្ចុប្បន្ននេះ ស្ថិតក្រោម​ការសិក្សា​គម្រោង​របស់​ភាគី​ប្រទេស​កូរ៉េខាងត្បូង​វិញ​ម្តង ដែល​ការសិក្សា​នេះ ក៏​មិនដឹង​ចប់​ពេលណា​ដែរ​។​

​សូម​រំឭកថា ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច ហ៊ុន សែន បានប្រកាស ក្នុងឱកាស​អញ្ជើញ​សម្ពោធ​បើកដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវ ៦០​ម៉ែត្រ កាលពី​ឆ្នាំ​២០១៧ ដោយបាន​លើក ឡើង​ពី​គម្រោង​សាងសង់​ស្ពាន​ភ្ជាប់​រវាង​តំបន់​ក្តី​តា​កុយ ភ្ជាប់​ទៅកាន់​តំបន់​អរិយ​ក្សត្រ និង​ពី​ផ្លូវ​កែវ ចិន្តា នា​តំបន់​ជ្រោយចង្វារ ភ្ជាប់​ទៅកាន់​តំបន់​ស្វាយជ្រុំ ស្ថិតក្នុង​ឃុំ​ស្វាយជ្រុំ ស្រុក ល្វាឯម ខេត្តកណ្តាល នា​អំឡុង​ឆ្នាំ​២០១៩​នេះ​។​

​យោងតាម​សេចក្តីប្រកាស​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ចេញ​កាលពី​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១៨ កន្លងទៅនេះ បាន​ឲ្យ​ដឹង​ដែរ​ថា កូរ៉េខាងត្បូង បាន​យល់ព្រម​ទទួល​សំណើ​របស់​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ការជួយ​សាងសង់​ស្ពាន​មិត្តភាព​កម្ពុជា​-​កូរ៉េ ឆ្លងកាត់​ទន្លេមេគង្គ ពី​រាជធានី​ភ្នំពេញ​ទៅ​ត្រើយម្ខាង​៕