គ​.​ជ​.​ប ចាប់ផ្តើម​ចុះឈ្មោះ​អ្នកសង្កេតការណ៍​បោះឆ្នោតក្រុមប្រឹក្សា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 January, 2019 ក+ ក-

​ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ( គ ជ ប​)​នឹង​ទទួល​ចុះឈ្មោះ​អ្នកសង្កេតការណ៍​ជាតិ និង​អន្តរជាតិ​ចាប់ពី​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ ២០១៩ នេះ ដើម្បី​ចូលរួម​ឃ្លាំមើល​ការបោះឆ្នោត​ជ្រើសរើស​ក្រុម ប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​៣ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ២៦ ឧសភា ខាងមុខ​។

ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ គឺជា​ការបោះឆ្នោត​អសកល ដែល​អង្គ​បោះឆ្នោត គឺ​មានតែ​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់ ដែល​ស្ថិតនៅក្នុង​តំណែង​ប៉ុណ្ណោះ​។

​បើ​យោងតាម គ ជ ប បាន​ឲ្យ​ដឹងថា ការចុះឈ្មោះ​ភ្នាក់ងារ​អ្នកសង្កេតការណ៍​មកពី គណបក្ស​ន​យោ បាយ នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​២៦ ខែមេសា ដល់​ថ្ងៃទី​២ ខែឧសភា ចំណែក​ការចុះបញ្ជីឈ្មោះ​គណ បក្ស នយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី ៧ មីនា ដល់​ថ្ងៃទី ១១​ខែមីនា ឆ្នាំ ២០១៩ ។ ហើយ​ការឃោសនាបោះឆ្នោត នឹង​ធ្វើឡើង​ចាប់ពី​ថ្ងៃទី ខែ​១៧ ដល់​ថ្ងៃទី​២៤ ខែឧសភា​។ រីឯ​ការបោះឆ្នោត ការរាប់​សន្លឹកឆ្នោត នឹងធ្វើ​ឡើង​នៅ​ថ្ងៃ អាទិត្យ ទី​២៦ ខែឧសភា ឆ្នាំ​២០១៩៕