រដ្ឋាភិបាល​ចិន បញ្ជាក់​ពី​ជំហរ​បន្ត​ជួយ​លើ​វិស័យ​សេដ្ឋកិច្ចកម្ពុជា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 January, 2019 ក+ ក-

​ភ្នំពេញ ៖ លោក វ៉ាង វិ​ន​ធាន ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ថ្មី​ប្រចាំ​កម្ពុជា បានបញ្ជាក់​ជូន​លោកជំទាវ​ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច​ពី​ការពេញចិត្ត​ចំពោះ​វឌ្ឍនភាព​នៃ​ទំនាក់ទំនង​រវាង​ចិន និង​កម្ពុជា ព្រមទាំង​បាន ប្រកាស​គាំទ្រ​ជួយ​ដល់​កម្ពុជា​ទៅលើ​វិស័យសេដ្ឋកិច្ច គ្រា​ដែល​កម្ពុជា​កំពុង​ទទួលរង​នូវ​ការដាក់​សម្ពាធ​ពី​បណ្តា​ប្រទេស​មួយចំនួន​ថែម​ទៀតផង​។

ការបញ្ជាក់​របស់​ឯក​អគ្គរដ្ឋទូត​ចិន​ថ្មី​ប្រចាំ​កម្ពុជា​បែបនេះ ធ្វើឡើង តាមរយៈ​ជំនួប​សម្តែង​ការគួរសម​ជាមួយ​លោកជំទាវ​ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន នា​ព្រឹក​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៩ នេះ​។​

ជាមួយនឹង​ជំហរ​ដ៏​រឹងមាំ​របស់​រដ្ឋាភិបាល​ចិន​នាពេលនេះ អគ្គរដ្ឋទូត វ៉ាង វិ​ន​ធាន បានបញ្ជាក់ ថា​៖ ភាគី​ទាំងពីរ កម្ពុជា​-​ចិន បាន​ចុះហត្ថលេខា​លើ​អនុស្សារណៈ​ចំនួន​៨​រួចហើយ នៅក្នុង​អំឡុងពេល​នៃ ដំណើរ​ទស្សនកិច្ច​រប​ស់ស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ទៅកាន់​ប្រទេស​ចិន​នៅ​ដើម ឆ្នាំ​២០១៩​នេះ ពោលគឺ​កាលពី​ថ្ងៃទី​២០ ដល់​ថ្ងៃទី​២៣ ខែមករា ។

​មន្ត្រី​ទូត បាន​រំលឹក​ពី​ខ្លឹម​សារសំខាន់ៗ នៃ​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ប្រទេស​ចិន ជូន​លោកជំទាវ​ឧ​ប​នាយ​រដ្ឋមន្ត្រី ម៉ែន សំអន ពិសេស​ការជួយ​លើក​កំពស់​សេដ្ឋកិច្ចកម្ពុជា តាមរយៈ​ការនាំ​អង្ករ​ពី​កម្ពុជា​ចំនួន​៤០​ម៉ឺន​តោន​ក្នុង​មួយឆ្នាំ​២០១៩​ទៅកាន់​ប្រទេស​ចិន ហើយ​ចិន​នឹង​ជួយ​កម្ពុជា​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៦០០​លាន​ដុល្លា​អាមេរិក​ចាប់ពី​ឆ្នាំ​២០១៩ ដល់​ឆ្នាំ​២០២១ និង​បង្កើន​ភ្ញៀវទេសចរ​ចិន​មកកាន់​កម្ពុជា​ឲ្យ​បាន ៥​លាន​នាក់​ក្នុងឆ្នាំនេះ និង​ឆ្នាំ​បន្ទាប់ ព្រមទាំង​ការពង្រឹង​ការអនុវត្ត​ច្បាប់​រវាង​ប្រទេស​ទាំងពីរ​ផងដែរ ។​

ជាការ​ឆ្លើយតប លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​ហៅ​ប្រទេស​ចិន​ថា​ជា​មិត្ត​ល្អ គ្រា​ដែល​កម្ពុជា​ជួប​ការលំបាក ចិន​តែងតែ​ជួយ​ជ្រោមជ្រែង​ដល់​កម្ពុជា​ជា​បន្តបន្ទាប់​លើ​ការអភិវឌ្ឍ​គ្រប់​វិស័យ ។​
លោកជំទាវ​បញ្ជាក់ថា​៖ រាជរដ្ឋាភិបាល​កម្ពុជា នៅតែ​ប្រកាន់ខ្ជាប់​នូវ​ការគាំទ្រ​នយោបាយ​ចិន​តែមួយ និង​នយោបាយ ផ្លូវ​មួយ ខ្សែក្រវ៉ាត់​មួយ​។ លោកជំទាវ ម៉ែន សំអន បាន​សាទរ​ចំពោះ​អនុស្សារណៈ​ចំនួន​៨ ដែល​បាន​ចុះហត្ថលេខា​រួចហើយ កាលពី​ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ទៅកាន់ ប្រទេស​ចិន​។

លោកជំទាវ​ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បាន​ជម្រាបជូន​ឯកអគ្គរដ្ឋទូត​ចិន​ថ្មី​អំពី​ការងារ​ស្នូល របស់​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច​ថា ក្រសួង​នេះ​មាន​ភារកិច្ច​ធ្វើជា​សេនាធិការ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា លើ​ការងារ​តាមដាន​ការអនុវត្ត​ច្បាប់ ទប់ស្កាត់​អំពើពុករលួយ ភាពអយុត្តិធម៌​ក្នុងសង្គម និង​ការរំលោភបំពាន​ដោយ​ប្រើ​អំណាច ដើម្បី​បំរើ​ប្រយោជន៍​បុគ្គល និង​បក្ខពួក និង​ការពារ​សិទ្ធិ​របស់​ពលរដ្ឋ ពោលគឺ​ពង្រឹង​អភិបាលកិច្ច​ល្អ ដែលជា​ស្នូល នៃ​យុទ្ធសាស្ត្រ​ចតុកោណ ដើម្បី​កំណើន​ការងារ សមធម៌ និង​ប្រសិទ្ធភាព ៕