ស្នងការ​នគរបាល​ខេត្តកំពង់ចាម ប្រជុំ​បូកសរុប​សភាព​ការណ៍​ខែមករា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 January, 2019 ក+ ក-

​ខេត្តកំពង់ចាម ៖ នៅ​ព្រឹក​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៩ នេះ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម បាន​ប្រជុំ​បូកសរុប​សភាពការណ៍​លទ្ធផល​កិច្ច​ប្រតិបត្តិ​ការរក្សាសន្តិសុខ​សង្គម ការងារ​នគរបាល និង​សហគមន៍​ប្រចាំ​ខែមករា និង​លើក​ទិសដៅ​បន្ត​ខែកុម្ភៈ ឆ្នាំ​២០១៩ ។

កិច្ចប្រជុំ​នេះ​ធ្វើឡើង ក្រោម​អធិបតីភាព លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឯម កុសល ស្នងការ​នគរបាល​ខេត្តកំពង់ចាម ដោយមាន​ការអញ្ជើញ​ចូលរួម​ពី លោក លោកស្រី ស្នងការរង លោក​អនុប្រធាន​ផែន​ជំនាញ លោក លោកស្រី នាយ នាយរង​ការិយាល័យ លោកនាយ​ផ្នែក​នគរបាល​បេ​តិក​ភ័​ណ្ឌ លោក​អធិការ អធិការរង​នគរបាល​ស្រុក ក្រុង ទាំង​១០​លោកនាយ​ប៉ុស្តិ៍ ទាំង​១០៩​នាក់​។

​លោក​វរសេនីយ៍ទោ វ៉ា សុធា​រ៉ា ស្នងការរង​ទទួល​ផែនការ​ងារ​សេនាធិការ បាន​អាន​របាយការណ៍​បូកសរុប​សភាពការណ៍​សង្ខេបនៃ​កិច្ចប្រតិបត្តិការ​ប្រចាំ​ខែមករា ឆ្នាំ​២០១៩ ដោយបាន​បញ្ជាក់ថា សភាពការណ៍​សន្តិសុខ​ក្នុងភូមិ​សាស្ត្រ ខេត្តកំពង់ចាម ពុំមាន​អ្វី​កើតឡើង​គួរឱ្យកត់សម្គាល់​ឡើយ​។ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឯម កុសល ស្នងការ​នគរបាល​ខេត្តកំពង់ចាម ធ្វើការ​កោតសរសើរ​ដ​ល់​នគរបាល​ទាំងអស់ ដែល​កន្លងមក​បាន​យកចិត្តទុកដាក់​បំពេញ​ភារកិច្ច​ក្នុង​កិច្ច​ប្រតិបត្តិ​ការរក្សាសន្តិសុខ​សណ្តាប់ធ្នាប់ សង្គម​បានល្អ ធ្វើអោយ​ប្រជាពលរដ្ឋ​មាន​ទំនុកចិត្ត​លើ​សមត្ថកិច្ច និង​ជា​មោទនភាព​របស់​ស្នងការ​ខេត្តកំពង់ចាម​។

​ក្នុងនោះដែរ លោកស្នងការ​បានដាក់​បទបញ្ជា​ឱ្យ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល ផ្សព្វផ្សាយ បង្រៀន​ណែនាំ​ឱ្យ​ប្រជាពលរដ្ឋ យល់ដឹង​ពី​ច្បាប់ ភូមិ ឃុំ មាន​សុវត្ថិភាព ជាពិសេស ចលនា​ប្រជាពលរដ្ឋ​ឱ្យចូល​រួម​ធ្វើ​ប្រជា​ការពារ​នៅតាម ភូមិ​នីមួយៗ ឱ្យមាន​ការកើនឡើង និង​ដោះស្រាយ​បទល្មើស​ដែល​នៅ​សេសសល់ ដើម្បី​រក្សា​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ សាធារណៈ ឱ្យ​បានល្អ​បន្តទៀត​តាម​ជំនាញ និង​តួនាទី​រៀងៗ​ខ្លួន​។ ជាមួយ​នោះ​លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ​បាន​ណែនាំ និង​ពង្រឹង​ការងារ​ជំនាញ​ដល់​មន្ត្រីនគរបាល​ទាំងអស់​ឱ្យ​កាន់តែ​យល់ដឹង​បន្ថែម​ដើម្បី​យកទៅអនុវត្ត​ភារកិច្ច​បាន​ចំ​គោលដៅ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​៕ ដោយ ៖ សុផល​