ក្រុមហ៊ុន ២ កំពុងសិក្សាសង់ផ្លូវថ្មីពីភ្នំពេញ-សៀមរាប ដែលមាន៤គន្លង
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា បច្ចុប្បន្នមានក្រុមហ៊ុនចំនួន២ កំពុងសិក្សាសង់ផ្លូវថ្មី ដែលមាន៤គន្លង ពីរាជធានីភ្នំពេញ ទៅកាន់ខេត្តសៀមរាប។ ឯ.ឧ.ថ្លែងដូច្នេះទៅកាន់អ្នកសារព័ត៌មាននាថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ ក្រោយពិធីចុះហត្ថលេខាលើកិច្ចសន្យាសាងសង់គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ (ធ្លាម្អម-បាត់ដំបង និងសិរីសោភ័ណ-ប៉ោយប៉ែត)។
ទោះបីជា ក្រុមហ៊ុនទាំង ២ នោះ មិនទាន់បានបង្ហាញពីលទ្ធផលនៃការសិក្សា នេះនៅឡើយក្តី តែលោក ស៊ុន ចាន់ថុល បាននិយាយថា រាជរដ្ឋាភិបាលបានស្វាគមន៍ចំពោះវិស័យឯកជនក្នុងការសាងសង់ផ្លូវល្បឿនលឿនពី ភ្នំពេញ ទៅខេត្តសៀមរាប ដែលមាន ៤គន្លង ប្រសិនបើការវិនិយោគនោះជាប្រភេទ BOT (សាងសង់-ប្រតិបត្តិការ-ផ្ទេរ)៕